(+855) 11 909 020 / 69 909 011

បើខ្ញុំឈឺបំពង់ក តើខ្ញុំគួរធ្វើអ្វីខ្លះ?

សុខភាព៖ ឈឺបំពង់ក គឺបង្កឡើងដោយវីរុស ឬមេរោគ ហើយអាការនៃជំងឺនេះច្រើនកើតឡើងបន្ទាប់ពីជំងឺផ្ដាស់សាយធំ។ ទន្ទឹមនឹងនេះដែរ ទឹកអាស៊ីតរបស់ក្រពះដែលបញ្ចេញមករំលាយអាហារ ក៏ជាមូលហេតុធ្វើឱ្យឈឺបំពង់កផងដែរ។ 

ជាធម្មតាអាការឈឺបំពង់ក មិនផ្ដល់ផលវិបាកធ្ងន់ធ្ងរនោះទេ ហើយអ្នកអាចព្យាបាលជំងឺនេះដោយខ្លួនឯងបាន។ 

ដូច្នេះ ប្រសិនបើអ្នកឈឺបំពង់ក អ្នកគួរតែបរិភោគអាហារមួយចំនួនដូចជា ស៊ុប មើមខ្ញី ស្ពៃក្ដោប និងផ្លែចេក ព្រោះអាហារទាំងអស់នេះផ្ទុកនូវសារធាតុជួយពន្លឿនដល់ការព្យាបាលអាការឈឺបំពង់ក។  

១. ចំពោះករណីឈឺបំពង់កដោយសារការកើនឡើងនៃទឹកអាស៊ីតរបស់ក្រពះដែលបញ្ចេញមករំលាយអាហារ អ្នកគួរតែ៖ 

- សម្រកទម្ងន់៖ ការឡើងទម្ងន់ជ្រុលនឹងធ្វើឱ្យទឹកអាស៊ីតកើនច្រើនហើយឡើងច្រាលដល់បំពង់ក ដែលបណ្ដាលឱ្យឈឺបំពង់ក ដូច្នេះអ្នកគួរតែសម្រកទម្ងន់។ 

- បន្ថយការបរិភោគអាហារណាដែលមានជាតិអាស៊ីតច្រើន ដូចជា ប៉េងប៉ោះ ក្រូចឆ្មា ខ្ទឹម ​កាហ្វេ...។

- មិនគួរបរិភោគអាហារច្រើនពេកទេ ព្រោះថា កាលណាអ្នកបរិភោគអាហារច្រើន នោះទឹកអាស៊ីតក្នុងក្រពះក៏បញ្ចេញច្រើនមកតាមនោះដែរ ហើយទឹកអាស៊ីតក្រៅពីជួយរំលាយអាហារ ក៏ជាមូលហេតុធ្វើឱ្យឈឺបំពង់កផងដែរ។​

- បញ្ឈប់ការជក់បារី និងផឹកភេសជ្ជៈគ្រឿងស្រវឹង ព្រោះបារីធ្វើឱ្យរលាកបំពង់ក និងគ្រឿងស្រវឹងផ្ទុកនូវជាតិអាស៊ីត ហើយជាធម្មតាបារី និងស្រា សុទ្ធតែប៉ះពាល់ដល់សុខភាព។ 

២. មិនថាករណីឈឺបំពង់កដោយសារវីរុស ក្រោយផ្ដាស់សាយធំ ឬទឹកអាស៊ីតរបស់ក្រពះនោះទេ គឺអាចប្រើរូបមន្តធម្មជាតិនេះដើម្បីព្យាបាលបាន៖

- ស្លឹកម្រេះព្រៅ៖ យកស្លឹកម្រេះព្រៅចំនួនល្មមមកដាំទឹកផឹក ឬខ្ពុរមាត់។ 

- ស្លឹកតែ៖ យកស្លឹកតែស្រស់ ឬក្រៀម មករម្ងាស់ដោយដាក់អំបិល រួចយកទឹកដែលរម្ងាស់បានហើយនោះ មកផឹក២-៣ ដង​ក្នុង​មួយ​ថ្ងៃ។ 

- ក្រូចឆ្មារ៖ ផឹកទឹកតែក្រូចឆ្មារស្រស់ក្ដៅឧណ្ហៗ ហើយបើបានលាយជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ក្រូចឆ្មារស្រស់ មានប្រសិទ្ធិភាពក្នុងការបំបាត់ស្លេសចេញពីបំពង់ក និងបំបាត់អាការឈឺបំពង់ក។

- អំបិល៖ យកអំបិលលាយជាមួយទឹកក្ដៅឧណ្ហៗ រួចយកមកខ្ពុរមាត់ហើយខ្ជាក់វាចេញជាការស្រេច សូមកុំលេបឱ្យសោះ។ អំបិល ផ្ទុកសារធាតុជួយសម្លាប់មេរោគ បន្ថយកំហាក និងការរលាក និងជួយបំបាត់អាការឈឺបំពង់ក។ សូមអនុវត្តវិធីនេះ ឱ្យបាន ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ 

- ខ្ទឹមស៖ ញ៉ាំខ្ទឹមសឆៅមួយកំពឹសជារៀងរាល់ថ្ងៃ ព្រោះសារធាតុគីមី Allicin ក្នុងខ្ទឹមស ជួយសម្លាប់វីរុស ឬបាក់តេរីដែលបង្កឱ្យឈឺបំពង់ក។ 

- ទឹកឃ្មុំ៖ អ្នកអាចយកទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហៗផឹក ព្រោះទឹកឃ្មុំផ្ទុកនូវសារធាតុជួយកម្ចាត់មេរោគ និងបន្ថយការហើមដោយសារទឹកឃ្មុំជួយដកទឹកចេញពី​ជាលិកា​រលាក។ 

ដោយឡែកចំពោះការប្រើប្រាស់ថ្នាំឱសថដើម្បីព្យាបាលអាការឈឺបំពង់ក អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង៕  

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom