តើអ្វីជាជំងឺអុតស្វាយ? តើអ្វីជារោគសញ្ញានៃជំងឺអុតស្វាយ? តើជំងឺអុតស្វាយរីករាលដាលយ៉ាងដូចម្ដេច? តើនរណាងាយកើតនិងឆ្លងជំងឺអុតស្វាយជាងគេ?
១.តើអ្វីជាជំងឺអុតស្វាយ?
អុតស្វាយ មានឈ្មោះជាភាសាបារាំងថា Varicelle ឬជាភាសាអង់គ្លេសថា Chickenpox គឺជាជំងឺឆ្លងដែលណ្ដាលមកពីការឆ្លងមេរោគម្យ៉ាងមានឈ្មោះថា Varicella Zoster Virus ។ ជំងឺនេះច្រើនកើតឡើងលើកុមារដែលមានអាយុចាប់ពី ៦ ខែ ដល់ ១៥ ឆ្នាំ។ ចំពោះក្មេងអាយុក្រោម ៦ ខែ គឺកម្រកើតជំងឺនេះណាស់ តែបើកើតវិញគឺច្រើនតែមានសភាពធ្ងន់ធ្ងរ ហើយអាចឆ្លងពីម្ដាយដែលមិនមានអង់ទីក័រការពារជំងឺអុតស្វាយ។
២. តើអ្វីជារោគសញ្ញានៃជំងឺអុតស្វាយ?
ជាទូទៅរោគសញ្ញានៃជំងឺអុតស្វាយមានដូចជា៖
- មានកន្ទួលក្រហមលើស្បែក ដែលចាប់រាលដាលពីស្មងជើង ដល់ក មុខ និងអវយវៈផ្សេងទៀត (ប្រសិនបើអ្នកជំងឺមានសុខភាពល្អ កន្ទួលក្រហមមិនចេញលើដងខ្លួនច្រើននោះទេ តែបើអ្នកជំងឺមានសុខភាពខ្សោយវិញ កន្ទួលក្រហមនឹងចេញយ៉ាងច្រើនលើដងខ្លួនហើយអាចមានដំបៅនៅក្នុងបំពង់ក ជុំវិញភ្នែក និងភ្នាសដែលមានសំនើមរបស់បំពងបង្ហួរនោម រុន្ធគូទ និងទ្វាមាសជាដើម)។ បន្ទាប់មករយៈពេលប្រមាណ ៧ ទៅ ១០ ថ្ងៃក្រោយ កន្ទួលទាំងនេះនឹងវិវត្តន៍ទៅជាពងបែកមានទឹកវិញ (Vesicles) នៅក្នុងមាត់ លើស្បែកក្បាល ជុំវិញភ្នែក និងប្រដាប់បន្តពូជជាដើម ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ និងពិបាកទ្រាំដោយសាររមាស់។
- ក្ដៅខ្លួន ក្អកសួត ឈឺពោះ និងឈឺក្បាល។
- អស់កម្លាំង មានអារម្មណ៍មិនស្រួលខ្លួន និងរមាស់។
ទាក់ទងនឹងរោគសញ្ញានៃជំងឺអុតស្វាយនេះដែរ គេកត់សម្គាល់ខ្លាំងទៅកន្ទួលក្រហមនៅលើស្បែកដែលវិវត្តន៍ទៅជាពងទឹក។ បន្ទាប់មកពងទឹកបានបែកហើយក្លាយជាក្រមរគ្របពីលើពងទឹកដែលបែកនោះ ជាច្រើនថ្ងៃក្រោយមកទើបជាដូចដើមវិញ។
បន្ថែមពីលើនេះដែរ រោគសញ្ញាកន្ទួលក្រហមនៃជំងឺអុតស្វាយមានការវិវត្តន៍ ៣ ដំណាក់កាលគឺ៖
- ដំណាក់កាលទី១៖ កន្ទួលនៅជាដុំពក មានសភាពពណ៌ផ្កាឈូក ឬក្រហម។
- ដំណាក់កាលទី២៖ កន្ទួលក្លាយជាពងទឹក បន្ទាប់មកពងទឹកបានបែក ហើយក៏មានក្រមរគ្របពីលើពងទឹកដែលបែកនោះ។
- ដំណាក់កាលទី៣៖ មានក្រមរគ្របលើពងទឹកដែលបែកនោះ ត្រូវការពេលជាច្រើនថ្ងៃទើបជាដូចដើមវិញ។
ចំណាំ៖ ក្នុងដំណាក់កាលដំបូងៗនៃជំងឺអុតស្វាយ គឺកន្ទួលថ្មីបានកើតឡើងជាបន្តបន្ទាប់ជំនួសឱ្យកន្ទួលចាសៗ រហូតទាល់តែជំងឺអុតស្វាយត្រូវបានសន្មត់ថាជាដាច់ ទើបលែងមានកន្ទួលក្រហមវិវត្តន៍ទៅជាពងទឹកកើតឡើងលើស្បែកទៀត។
៣. តើជំងឺអុតស្វាយរីករាលដាលយ៉ាងដូចម្ដេច?
ជំងឺអុតស្វាយ ជាជំងឺឆ្លងខ្លាំង ហើយឆ្លងខ្លាំងបំផុតនៅមុនពេលអ្នកជំងឺចេញកន្ទួលក្រហម និងបន្ទាប់ពីកន្ទួលក្រហមដំបូងៗលេចឡើងលើស្បែក។ ការចម្លងនៃជំងឺអុតស្វាយចាប់ផ្ដើមថយចុះ និងស្ទើតែបាត់បង់ការចម្លង ឬឈប់ឆ្លង នៅពេលដែលមិនមានពងបែកថ្មី ឬមានសំណើមនៅលើកន្ទួលក្រហម។
ជំងឺអុតស្វាយ ឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយសារការកណ្តាស់ ឬក្អក។ ការប៉ះពាល់ដោយផ្ទាល់នូវសារធាតុរាវដែលបែកចេញពីពងទឹកនៃជំងឺអុតស្វាយក៏អាចឆ្លងផងដែរ តែនេះករណីកម្រនឹងឆ្លងណាស់។
៤. តើនរណាងាយកើតនិងឆ្លងជំងឺអុតស្វាយជាងគេ?
ជាទូទៅក្រុមមនុស្សដែលងាយកើត និងឆ្លងជំងឺអុតស្វាយគឺ៖
- អ្នកពុំធ្លាប់កើតជំងឺអុតស្វាយ
- ពុំបានចាក់វ៉ាក់សាំងការពារជំងឺអុតស្វាយ
- នៅក្បែរអ្នកជំងឺដោយផ្ទាល់
ដូច្នេះ អ្នកគួរតែនៅឱ្យឆ្ងាយពីអ្នកជំងឺអុតស្វាយ ព្រោះថាជំងឺនេះមានការចម្លងខ្លាំង។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom