ជំងឺ Zika (Zika Disease) គឺជាវីរុសកាចសាហាវ ដែលរកឃើញដំបូងលើសត្វស្វានៅប្រទេស Uganda នៃទ្វីបអាហ្វ្រិកក្នុងឆ្នាំ១៩៤៧ រហូតដល់ឆ្នាំ ១៩៥២ ជំងឺ Zika បានកើតលើមនុស្សជាលើកដំបូង នៅ Uganda និងសាធារណរដ្ឋ តង់ហ្សានី ។
ជំងឺ Zika ឆ្លងពីមនុស្សទៅមនុស្ស តាមរយៈមូសខ្លាញីខាំ (មូសខ្លាញីដែលមានផ្ទុកមេរោគវីរុស Zika )។ វីរុស Zika អាចឆ្លងតាមឈាម និងតាមទងសុកពីម្តាយទៅទារកក្នុងផ្ទៃ តែមិនឆ្លងតាមរយៈការបំបៅដោះកូននោះទេ ។ ជំងឺ Zika ផ្ដល់ផលប៉ះពាល់ដល់មនុស្សធំពេញវ័យ មិនសូវជាធ្ងន់ធ្ងរទេ ក៏ប៉ុន្តែចំពោះស្រ្តីមានផ្ទៃពោះ និងទារកក្នុងផ្ទៃវិញ គឺទទួលរងផលប៉ះពាល់ពី ជំងឺនេះយ៉ាងធ្ងន់ធ្ងរ ។ ហេតុនេះស្ត្រីមានផ្ទៃពោះ ក្នុងកំឡុងត្រីមាសទី១ និងទី២ ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការខ្ពស់ ចំពោះជំងឺ Zika ដើម្បីសុខភាពទាំងម្ដាយ និងទារកក្នុងផ្ទៃ ចៀសវាងទារកកើតមកមានក្បាលតូច ទន់ដៃជើង ឬកូនស្លាប់ក្នុងផ្ទៃជាដើម ។
អាការៈអ្នកដែលសង្ស័យថា មានផ្ទុកជំងឺ Zika គឺក្ដៅខ្លួន ឡើងកន្ទួលរមាស់ ឈឺសន្លាក់ រលាកភ្នែក (ក្រហមភ្នែក) ឈឺសាច់ដុំ ឈឺក្បាល និងអស់កម្លាំង ។ អាការៈនេះវានឹងបាត់ទៅវិញ ក្នុងរយៈពេល ២ ទៅ ៧ ថ្ងៃ ដោយប្រើថ្នាំបញ្ចុះកម្ដៅ ថ្នាំបំបាត់ការឈឺចាប់ ផឹកទឹក និងសម្រាកឱ្យបានច្រើន។ ក៏ប៉ុន្តែបើរោគសញ្ញាវិវត្តកាន់តែធ្ងន់ធ្ងរ អ្នកជំងឺត្រូវស្វែងរក ការផ្ដល់ប្រឹក្សាពីអ្នកជំនាញវេជ្ជសាស្ត្រ ។
ដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យកើតមានជំងឺ Zika លោកអ្នកត្រូវស្លៀកពាក់សំលៀកបំពាក់ជិតៗ ប្រើផលិតផលលាបស្បែកការពារមុសខាំ ប្រើសំណាញ់ការពារមុស បិទទ្វារបង្អួច និងគេងក្នុងមុងជានិច្ច ។ ជាមួយគ្នានេះ លោកអ្នកត្រូវលុបបំបាត់ជំរកមុខនៅជុំវិញផ្ទះ ព្រោះវាជាជំរករបស់មុសខ្លាញី ។
សូមបញ្ជាក់ថា ៖ ក្នុងពេលបច្ចុប្បន្ន ជំងឺ Zika បានផ្ទុះឡើងនៅប្រទេសឡាវ វៀតណាម ថៃ សិង្ហបុរី និងម៉ាឡេស៊ី ។ ដោយឡែក ប្រទេសកម្ពុជា នៅមិនទាន់របាយការណ៍ណា បង្ហាញថា ជំងឺ Zika បានផ្ទុះឡើងសារជាថ្មីនៅឡើយទេ យើងគ្រាន់តែដឹងថា កាលពីឆ្នាំ២០០៧ ដល់ ២០១០ ជំងឺ Zika ធ្លាប់កើតឡើងចំនួន៧ករណី នៅលើទឹកដីកម្ពុជា ។
ក្នុងករណីដែលលោកអ្នកសង្ស័យថា កើតមានជំងឺ Zika សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ១១៥, ០១២ ៤៨៨៩៨ និង ០៨៩ ៦៦៩ ៥៦៧ (ក្រសួងសុខាភិបាល) ៕
ប្រភព ៖ ព័ត៌មាននានាក្នុងស្រុកនិងបរទេស