(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីជំងឺឬសដូងបាត?

ឬសដូងបាតមិនមែនជាជំងឺទេ ហើយមនុស្សគ្រប់រូបសុទ្ធតែមានឬសដូងបាតដូចគ្នា ដែលវាជាបណ្ដាញសរសៃឈាម​តូចៗ ជាអាកទែរ និង​ជាវ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃនៅក្នុង​បាត(ទ្វារលាមក)។ ក៏ប៉ុន្តែនៅពេលដែលបណ្ដាញសរសៃឈាម​តូចៗនោះទទួលរងសំពាធជាប្រចាំដោយសារតែការខំប្រឹងបន្ទោរបង់លាមក ក៏បណ្ដាលឱ្យសរសៃឈាមតូចៗរីកប៉ោងធំឡើងៗ​ធ្វើឱ្យមានធ្លាក់ឈាម និងការស្រុតចុះនៃសាច់សរសៃឈាម ទើបគេសន្និដ្ឋានថា ឬសដូងបាតកំពុងតែមានបញ្ហា ឬកើតមានជំងឺឬសដូងបាត។ 

១. តើអ្វីជាជំងឺឬសដូងបាត? 

ឬសដូងបាត គឺជាជំងឺមួយដែលបណ្ដាលមកពីបញ្ហានៃការរីកធំប៉ោងខុសពីធម្មតារបស់សរសៃឈាមតូចៗក្នុងឬសដូងបាត ឬបាត។  

ថ្វីត្បិតតែជំងឺនេះ មិនមែនជាជំងឺឆ្លង តែជាជំងឺមួយដែលសម្បូរកើតមានណាស់នៅលើពិភពលោក។ ហើយការដែលយើងកើតជំងឺឬសដូងបាត ដោយសារតែយើងមិនដឹងពីវិធីបង្ការជំងឺនេះ។ រោគសញ្ញាសំខាន់នៃឬសដូងបាត គឺហូរឈាម តាមរន្ធគូទ ឬ​ទ្វារលាមក។ ម្យ៉ាងវិញទៀត ជំងឺឬសដូងបាត គឺជាជំងឺស្រាល ក៏ប៉ុន្តែបើអ្នកជំងឺចេះតែបណ្ដោយទុកវាដោយមិនព្រមព្យាបាល ឬព្យាបាលជាមួយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ នោះជំងឺអាចនឹងធ្ងន់ធ្ងរឈានដល់ការវះកាត់។

២. រោគសញ្ញានៃជំងឺឬសដូងបាត៖ 

- រាល់ពេលបន្ទោរបង់មានធ្លាក់​ឈាម​ក្រហម​ស្រស់

- រាល់ពេលបន្ទោរបង់មាន​ស្រុតសាច់​អ្វីធ្លាក់​ចេញមក​នៅខាង​ក្រៅទ្វារ​លាមក តែពេលខ្លះឈប់ប្រឹងបន្ទោរបង់សាច់ដែលស្រុតនោះក៏លិបចូលទៅក្នុងវិញ។

- អ្នកជំងឺមានអាការង​ងឹតមុខ ដោយសារតែធ្លាក់ឈាមច្រើនពេករាល់ពេលបន្ទោសបង់ តែទោះជាយ៉ាងណារោគសញ្ញានេះកម្រកើតមានណាស់។

៣. មូលហេតុដែលបណ្ដាលឱ្យកើតជំងឺឬសដូងបាត៖

មានមូលហេតុជាច្រើនធ្វើឱ្យយើងកើតជំងឺឬសដូងបាត តែគេកត់សម្គាល់ឃើញថា មានហេតុផល ២ យ៉ាងសំខាន់ៗគឺ៖ 

- ការ​បន្ទោរបង់​លាមក​ពិបាក៖ នៅពេលដែលអ្នកមានការលំបាកខ្លាំងក្នុងពេលបន្ទោរបង់ម្ដងៗដូចជាក្ដៀនពេក ឬទល់លាមក ហើយមានអារម្មណ៍ថាបន្ទោរបង់មិនអស់ ទើបត្រូវចំណាយពេលអង្គុយយូរដើម្បីខំប្រឹងបញ្ចេញលាមកមកក្រៅ (មិនថាលាមករឹង ឬទន់)។ នៅពេលដែលអ្នកខំប្រឹងបញ្ចេញលាមក ជាហេតុបង្កើតឱ្យមានសម្ពាធមួយបុកមកទ្វារលាមក។ ដូច្នេះ នៅពេលដែលអ្នកបត់ជើងរាល់ថ្ងៃ ខំប្រឹងបញ្ចេញរាល់ថ្ងៃ សម្ពាធនឹងបុកមកទ្វារលាមកជាប្រចាំផងដែរ ជាហេតុបណ្ដាល​ឱ្យសរសៃ​ឬសដូងបាតរីកប៉ោងធំនិងផុយ ហើយអាចបែកជាឈាមធ្លាក់មកតាមបាតនៅពេលបន្ទោរបង់លាមក ទើបគេសន្និដ្ឋាថា អ្នកកើតជំងឺឬសដូងបាត។ 

- មនុស្សមានវ័យចំណាស់៖ នៅពេលដែលយើងមានវ័យកាន់តែចំណាស់ចាប់ពី ៥០ ឬ ៦០ ឆ្នាំឡើងទៅ នោះសាច់នៅត្រង់រន្ធគូទយារ ហើយងាយធ្លាក់រាល់ពេលខំប្រឹងបន្ទោរបង់។ 

៤. ការពិនិត្យជំងឺ និង​ធ្វើរោគ​វិនិច្ឆ័យ

ជំងឺឬសដូងបាតមិនពិបាកធ្វើរោគវិនិច្ឆ័យដើម្បីពិនិត្យឱ្យដឹងថា តើអ្នកកើតជំងឺឬសដូងបាត ឬអត់? ដោយសារតែគ្រូពេទ្យមានឧបករណ៍បើកមើលរន្ធគូទ ដែលអាចមើលឃើញផ្ទាល់ភ្នែកបានដោយមិនចាំបាច់ថត ឬឆ្លុះ។ តែអ្វីដែលពិបាកនោះ គឺភាពអៀនខ្មាស់របស់អ្នកជំងឺដែលមិនព្រមឱ្យគ្រូពេទ្យពិនិត្យមើលរន្ធគូទរបស់ខ្លួន ទើបអ្នកជំងឺឬសដូងបាតខ្លះមានសភាពកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ សូមកុំខ្មាស់អៀនក្នុងការពិនិត្យរកជំងឺឬសដូងបាត។ 

៥. ផលវិបាកនៃជំងឺឬសដូងបាត 

បើអ្នកកើតជំងឺឬសដូងបាត ហើយមិនព្រមព្យាបាល ឬយឺតយ៉ាវក្នុងការព្យាបាល នោះជំងឺរបស់អ្នកនឹងកាន់តែធ្ងន់ធ្ងរ ហើយឬសដូងបាតកាន់តែរីកធំឡើងៗ ជាហេតុធ្វើឱ្យគ្រូពេទ្យពិបាកព្យាបាល ដូច្នេះគ្រូពេទ្យមានតែប្រើវិធីវះកាត់ដើម្បីព្យាបាល ទើបអាចជាសះស្បើយ ហេតុនេះអ្នកជំងឺនឹងត្រូវចំណាយពេលយូរក្នុងការសម្រាកព្យាបាល និងចំណាយថវិការច្រើនលើការព្យាបាល។

៦. វិធីព្យាបាលជំងឺឬសដូងបាត៖ 

គេកត់សម្គាល់ឃើញថា មានវិធី ៣ យ៉ាងដែលយកមកព្យាបាលជំងឺឬសដូងបាតគឺ ​ព្យាបាល​ដោយចាក់ថ្នាំ ​ចង​ឬសដូងបាត និង​វះ​កាត់។ 

- វិធីព្យាបាលដោយការចាក់ថ្នាំ៖ គ្រូពេទ្យចាក់ថ្នាំត្រង់កន្លែងឬសដូងបាត ដើម្បីឱ្យវាក្លាយជាដំបៅហើយជ្រុះដាច់ចេញ។ តែក្នុង​វិស័យ​វេជ្ជសាស្ដ្រ​បច្ចុប្បន្ន គេពុំសូវប្រើវិធីនេះនោះទេ ដោយសារតែវាផ្ដល់ផលវិបាកដល់អ្នកជំងឺដូចជា មានដំបៅ មានរបួស ពិបាកអង្គុយ និងឬសដូងបាតដាច់ជ្រុះមកមិនបានស្អាត ជាពិសេសនោះប្រសិនបើគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ អាចបណ្ដាលឱ្យអ្នកជំងឺបាត់បង់ជីវិត។

- វិធីព្យាបាល​ដោយចង​ការឬសដូងបាត៖ នេះជាវិធីពេញនិយម។ គ្រូពេទ្យច្រើនតែប្រើវិធីនេះដើម្បីព្យាបាលជំងឺឬសដូងបាតជាមួយនឹងឧបរកណ៍ចងឬសដូងបាត់ ដោយវារតែការព្យាបាលបែបនេះ មិនរំខានដល់អ្នកជំងឺក្នុងការប្រកបការងារ ឈឺចាប់តិចតួច និងជ្រុះដាច់ស្អាត។  

- វិធីព្យាបាល​ដោយវះកាត់៖ ជាធម្មតាគ្រូពេទ្យប្រើការព្យាបាលជំងឺឬសដូងបាតដោយការវះកាត់ តែទៅលើជំងឺឬសដូងបាតដែលធ្ងន់ធ្ងរតែប៉ុណ្ណោះ។  

៧. វិធីការពារខ្លួនពីជំងឺឬសដូងបាត៖ 

- ទទួលទានបន្លែឱ្យបានច្រើន 

- បន្ទោរបង់លាមកឱ្យបានទៀងទាត់ និងកុំអង្គុយបន្ទោរបង់លាមកយូរពេក 

- ហាត់ប្រាណឱ្យបានទៀងទាត់ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom