(+855) 11 909 020 / 69 909 011

តើហេតុអ្វីបានជាខ្ញុំឆាប់ស្រវាំងភ្នែក?

សុខភាព៖ ជាធម្មតាអាការស្រវាំងភ្នែកកើតឡើងលើមនុស្សគ្រប់វ័យ ក៏ប៉ុន្តែមនុស្សដែលមានវ័យចាប់ពី ៤០ ឆ្នាំឡើងទៅ​ប្រឈមបញ្ហានេះខ្លាំងជាងគេ។ ហើយរឿងសំខាន់ដែលយើងត្រូវដឹងពីវានោះគឺ មូលហេតុដែលធ្វើឱ្យស្រវាំងភ្នែក វិធីបង្ការ និងការព្យាបាល។ 

១. មានកត្តាជាច្រើនដែលធ្វើឱ្យយើងស្រវាំងភ្នែកដូចជា៖ 

- ​ភ្នែកមាន​បញ្ហាកំហុស​សំណុំ​រូបភាព 

- កញ្ចក់​ភ្នែក ឬ​កែវ ភ្នែក​ស្រអាប់ 

- ភ្នែករងរបួស​មានការ​ប្រេះស្រាំ ឬ​របួស​ភ្នែក 

- ពន្លឺ​ព្រះអាទិត្យ​ដែលចាំង​ចូលភ្នែក​ខ្លាំងពេក 

- ធូលីដីហុយ​ចូលភ្នែក និងការញី​ភ្នែកដោយ​ដៃកខ្វក់ និង

- កត្តាជំងឺភ្នែក ក៏ជាមូលហេតុធ្វើឱ្យស្រវាំងភ្នែកផងដែរ ដូចជា ភ្នែកឡើងបាយ ទឹកដកក្នុងភ្នែកជាដើម។  

២. វិធីការពារភ្នែកមិនឱ្យស្រវាំង

មកទល់ឥឡូវនេះក្នុងវិស័យវេជ្ជសាស្រ្តពុំទាន់មានវិធីជាក់លាក់ណាមួយក្នុងការការពារ ឬបង្ការភ្នែកមិនឱ្យស្រវាំងនោះទេ ក៏ប៉ុន្តែអ្នកជំនាញបានផ្ដល់ដំបូន្មានល្អមួយចំនួនក្នុងការពារភ្នែកមិនឱ្យស្រវាំងដូចជា៖ 

- ថែរក្សា និងលុបលាងភ្នែកឱ្យបានស្អាត ចៀងវាងការប៉ះទង្គិចភ្នែក

- ការពារកុំឱ្យធូលី និងផ្សែងហុយចូលភ្នែក

- រាល់ការប៉ះពាល់ត្រង់បរិវេណភ្នែកត្រូវប្រាកដថាវត្ថុ ឬដៃស្អាតជានិច្ច

- ការពារភ្នែកពីកាំរស្មី ដូចជាពន្លឺព្រះអាទិត្យ អេក្រង់កុំព្យូរទ័រ

- សម្រាប់អ្នកដែលឧស្សាហ៍សម្លឹងមើលអេក្រង់ដែលមានពន្លឺដូចជាទូរស័ព្ទ និងជាពិសេសកុំព្យូទ័រ គួរតែដឹងថា បើអ្នកសម្លឹងមើលវាក្នុងរយៈពេល ២០ នាទី អ្នកគួរតែសម្រាកភ្នែកឈប់សម្លឹងអេក្រង់នោះសិន ហើយងាកទៅសម្លឹងមើលវត្ថុអ្វីមួយដែលស្ថិតនៅចម្ងាយ ៦ ម៉ែត្រពីភ្នែករបស់អ្នកក្នុងរយៈពេល ២០ វិនាទី ដើម្បីឱ្យភ្នែកបានសម្រាក បង្ការបញ្ហាឈឺភ្នែក បន្ថយភាពកម្សោយនៃភ្នែក និងបន្ថយការប្រឈមបញ្ហាម្ញូប ឬព្រិលភ្នែក។ 

៣. វិធីព្យាបាលភ្នែកស្រវាំង

ការព្យាបាលអាការភ្នែកស្រវាំង គឺព្យាបាលដោយអាស្រ័យទៅលើអាការនៃជំងឺធ្ងន់ ឬស្រាល និងប្រភេទនៃជំងឺភ្នែកដូចជា ភ្នែកឡើងបាយ ទឹកដកក្នុងភ្នែកជាដើម។

ចំពោះភ្នែកដែលមានកំហុស​សំណុំ​រូបភាព អាចត្រូវព្យាបាល​ដោយការ​ពាក់​វែនតា។ ជាមួយគ្នានេះដែរ ដំបូន្មានល្អបំផុតពីអ្នកជំនាញ គឺបើអ្នកមានបញ្ហាភ្នែកសូមមកពិនិត្យភ្នែកនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា ដើម្បីរកមូលហេតុដែលធ្វើឱ្យភ្នែកមានបញ្ហា និងស្រវាំង និងព្យាបាលវា៕   

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom