សុខភាព៖ ជំងឺលើសឈាម គឺជាជំងឺម្យ៉ាងគ្មានរោគសញ្ញាច្បាស់លាស់ ដែលមិនអាចឱ្យអ្នកជំងឺដឹងមុនឡើយ មានតែការធ្វើតេស្តពិនិត្យឈាមជាមួយគ្រូពេទ្យតែប៉ុណ្ណោះ។ ជំងឺនេះ ព្យាបាលមិនជាសះស្បើយនោះទេ តែអ្នកជំងឺអាចព្យាបាលក្នុងគោលបំណងជួយរក្សាសម្ពាធឈាមកុំឱ្យឡើងខ្ពស់ ព្រោះបើសម្ពាធឈាមឡើងកាន់តែខ្ពស់ នោះអ្នកជំងឺកាន់តែធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ ដូច្នេះ បើអ្នកមិនចង់កើតជំងឺលើសឈាម អ្នកគួរតែយល់ដឹងពីវិធានការការពារខ្លួនពីជំងឺនេះ។
១. ការព្យាបាលជំងឺលើសឈាម
ក្នុងវិស័យវេជ្ជសាស្រ្តបច្ចុប្បន្ននេះ គឺពុំទាន់រកឃើញការព្យាបាលជំងឺលើសឈាមឱ្យបានជាសះស្បើយនៅឡើយទេ មានតែការព្យាបាលដែលជួយរក្សាលំនឹងសម្ពាធឈាមរបស់អ្នកជំងឺលើសឈាមតែប៉ុណ្ណោះ។ ការព្យាបាលនេះទៀតសោត មិនអាចឈប់ពាក់កណ្ដាលទីនោះទេ គឺត្រូវព្យាបាលរហូតដោយសារតែសម្ពាធឈាមអាចឡើងវិញ ទោះបីជាមានការព្យាបាលប៉ុន្មានលើកទៅហើយក៏ដោយ។
បន្ថែមពីលើនេះដែរ ដោយសារតែជំងឺលើសឈាមបែងចែកចេញជា ២ ប្រភេទ ដូច្នេះការព្យាបាលក៏មានភាពខុសគ្នាផងដែរ។
- ការព្យាបាលជំងឺលើសឈាមប្រភេទទី១៖ ក្នុងករណីនេះសម្ពាធឈាមគ្រាន់តែឡើងបន្តិចបន្តួច គ្រូពេទ្យនឹងណែនាំអ្នកជំងឺឱ្យមានរបបអាហារត្រឹមត្រូវ ធ្វើលំហាត់ប្រាណ បញ្ចុះទម្ងន់។ តែបើសម្ពាធឈាមនៅតែឡើងខ្ពស់ខ្លាំង គ្រូពេទ្យនឹងព្យាបាលដោយការប្រើប្រាស់ឱសថ ដើម្បីបន្ថយ ឬតម្លើងសម្ពាធឈាមបើចាំបាច់។ ប្រសិនបើរកឃើញថា មានកើតជំងឺលើសឈាម គ្រូពេទ្យនឹងចាប់ផ្ដើមព្យាបាលដោយប្រើប្រាស់ថ្នាំ ឬឱសថលើសឈាមសម្រាប់អ្នកជំងឺលើសឈាមតែម្ដង។
- ការព្យាបាលជម្ងឺលើសឈាមប្រភេទទី២៖ ក្នុងករណីនេះ ការព្យាបាលនឹងធ្វើទៅតាមមូលហេតុដែលបង្កឱ្យសម្ពាធឈាមឡើងខ្ពស់ ឬលើស។
២. វិធានការការពារខ្លួនពីជំងឺលើសឈាម
- បញ្ចុះទម្ងន់ និងរក្សាទម្ងន់ឱ្យត្រឹមត្រូវតាមស្តង់ដារ
- បរិភោគអាហារផ្ដល់ផលល្អចំពោះសុខភាព និងអនាម័យខ្ពស់ ហើយសម្បូរជាតិប៉ូតាស្យូម
- តមការហូបប្រៃ
- បន្ថយការហូបជាតិខ្លាញ់ និងប្រេង
- ឈប់ពិសាបារី និងគ្រឿងស្រវឹង
- ព្យាយាមកុំធ្វើឱ្យខ្លួនឯងពិបាកចិត្ត ឬតានតឹង គិតច្រើន
- ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន ៣០ នាទី ជារៀងរាល់ថ្ងៃ
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom