សុខភាព៖ ដូចអ្នកបានជ្រាបរួចមកហើយថា ជំងឺអុតស្វាយ ជាជំងឺឆ្លងខ្លាំង និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះវាកើតជាដំបៅធំៗ និងគ្រប់កន្លែង ជាពិសេសកើតមានលើភ្នែក បំពង់ក ក្នុងត្រចៀក និងលើប្រដាប់ភេទជាដើម ហើយបន្សល់ជាស្នាមធំៗប្រសិនបើអ្នកជំងឺពុំបានយកចិត្តទុកដាក់ក្នុងការថែទាំខ្លួនអំឡុងពេលកើតជំងឺអុតស្វាយ បន្ទាប់ពីជាសះស្បើយពីជំងឺនេះ។
១. ការព្យាបាលជំងឺអុតស្វាយ
- កាត់ក្រចកដៃ ឬពាក់ស្រោមដៃឱ្យកូនតូចៗ ដើម្បីកុំអោយពួកគេអេសកន្លែងដែលរមាស់នោះ និងការពារពីការឆ្លងមេរោគផ្សេងៗ និងសន្លាក់។
- ងូតទឹកឱ្យបានច្រើន ដើម្បីបន្ថយភាពរមាស់។ គ្របកន្សែងត្រជាក់ ឬសើមលើស្បែក ឬងូតទឹករួចហើយស្ងួតខ្លួនអាចងូតម្ដងទៀត ធ្វើបែបនេះឱ្យបានញឹកញាប់ក្នុងមួយថ្ងៃ។ ចៀសវាងការយកស្លឹកឈើងាប់ត្រាំទឹក ដូចជាស្លឹកស្វាយជាដើម ព្រោះថាទឹកមិនស្អាតអាចមានបាក់តេរីដទៃទៀតជ្រៀតចូល និងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរលើសដើម។
- ប្រើក្រែមលាបលើស្បែក ដើម្បីបង្កើតភាពសំណើម និងបំបាត់ការរមាស់។
- ផ្លាស់ប្ដូរកន្ទបកូនឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យពងទឹកនោះស្ងួត និងជ្រុះអស់។
- លាយទឹកអំបិលកន្លះស្លាបព្រាកាហ្វេចូលក្នុងទឹកហើយខ្ពុលដើម្បីបំបាត់ការឈឺក្នុងមាត់ ឬការប្រើទឹកក្តៅឧណ្ឌៗជាមួយនឹងទឹក Hydrogen Peroxide។ ចំពោះក្មេងធំៗ ចូរប្រើ Chloraseptic Lozenges ឬស្ព្រាយបាញ់ដែលមានជាតិស្ពឹកតិចតួច។
- ប្រើថ្នាំ Tylenol ដើម្បីបំបាត់ការក្តៅខ្លួន និងមិនត្រូវប្រើថ្នាំ Aspirin នោះទេ ។
- មិនត្រូវប្រើថ្នាំផ្សះនោះទេ លើកលែងតែករណីដែលមានការឆ្លងបាក់តេរីបន្ថែមពីលើវា តែយ៉ាងណាអ្នកជំងឺគួរតែមកជួបគ្រូពេទ្យជាមុនសិន មុននឹងប្រើថ្នាំផ្សះនេះ។
២. ដំបូន្មានថែទាំខ្លួនពេលកើតជំងឺអុតស្វាយ និងការព្យាបាល
អ្នកជំងឺអុតស្វាយ ត្រូវតែមានការថែទាំដិតដល់ដើម្បីចៀសវាងជំងឺធ្ងន់ធ្ងរ និងបន្សល់ស្លាកស្នាមច្រើននៅលើស្បែកបន្ទាប់ពីជាសះស្បើយពីជំងឺនេះ។ អ្នកជំងឺគួរតែរស់នៅ ក្នុងបរិស្ថានស្អាតល្អ សមរម្យ មានអនាម័យ និងហូបចុកគ្រប់គ្រាន់ដោយពុំមានការតមអ្វីនោះឡើយ។ បន្ថែមពីលើនេះ ការងូតទឹកឱ្យបានច្រើនដងក្នុងមួយថ្ងៃ និងធ្វើឱ្យខ្លួនសើម ឬមានសំណើមដោយការលាបក្រែមសំណើម ឬយកកន្សែងជ្រលក់ទឹកពូតយកមកជូតខ្លួន ក៏ជាការថែទាំដ៏សំខាន់មួយដែលមិនគួរមើលរំលង ហើយដែលចាសៗនិយមធ្វើកន្លងមក។
៣. វិធានការការពារខ្លួនពីជំងឺអុតស្វាយ
ការចាក់វ៉ាក់សាំងជំងឺអុតស្វាយ (Varivax) គឺជាវិធីបង្ការខ្លួនពីជំងឺអុតស្វាយដ៏ល្អបំផុត។ ចំពោះកុមារអាចការពារពួកគេពីមេរោគនៃជំងឺអុតស្វាយជិត ៩០ ភាគរយ។
ការចាក់វ៉ាក់ស៊ាំងជំងឺអុតស្វាយ ត្រូវបានផ្ដល់ឱ្យ៖
- កុមារ ត្រូវទទួលវ៉ាក់ស៊ាំង ២ ដង។ លើកដំបូង មានអាយុរវាងពី ១២ ទៅ ១៥ ខែ និងលើកទី ២ ចាប់ពីអាយុ ៤ ទៅ ៦ ឆ្នាំ ។ វ៉ាក់សាំង ត្រូវបានរួមបញ្ចូលគ្នា ជាមួយថ្នាំបង្ការជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច។ ប៉ុន្តែ ការរួមបញ្ចូលគ្នានេះ អាចបង្កើនហានិភ័យ នៃជំងឺគ្រុនក្តៅ និងប្រកាច់។
- សម្រាប់កុមារដែលមានចាប់ពីអាយុពី ៧ ទៅ ១២ ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងនេះ គួរតែទទួលវ៉ាក់សាំងម្ដង ២ ដូស ហើយយ៉ាងហោចណាស់ មានរយៈពេល ៣ ខែដាច់ពីគ្នា។ កុមារដែលមានអាយុ ១៣ ឆ្នាំ ឬចាស់ជាងនេះ ដែលមិនបានទទួលវ៉ាក់សាំង គួរតែទទួលវ៉ាក់សាំង ម្ដង ២ ដូស ហើយយ៉ាងហោចណាស់ មានរយៈពេល ៤ ខែដាច់ពីគ្នា។
- មនុស្សពេញវ័យដែលពុំធ្លាប់មានជំងឺអុតស្វាយពីមុនមក ត្រូវទទួលទទួលវ៉ាក់សាំងម្ដង២ដូស ហើយយ៉ាងហោចណាស់ មានរយៈពេល ៤ ទៅ ៨ ខែដាច់ពីគ្នា៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom