(+855) 11 909 020 / 69 909 011

វិធីសង្រ្គោះបឋមជួយឃាត់ឈាមពេលមានរបួស

ការជួយសង្រ្គោះដោយឃាត់ឈាមជនរងគ្រោះដែលរងរបួសភ្លាមៗ គឺជារឿងសំខាន់ណាស់ មុននឹងបញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ក្នុងករណីរងរបួសស្រាល បើយើងចេះពីវិធីឃាត់ឈាម នោះយើងនឹងមិនចាំបាច់ទៅមន្ទីរពេទ្យ ហើយអាចព្យាបាលដោយខ្លួនឯងបាន។

ខាងក្រោមនេះជាវិធីសង្រ្គោះបឋមជួយឃាត់ឈាមពេលមានរបួស៖

១. ចងរឹតកន្លែងមុខរបួស

- ក្នុងករណីរងរបួសស្រាល ឈាមហូរមិនសូវខ្លាំង សូមយកកន្សែង ឬសម្លៀកបំពាក់ចាស់ៗ ចងរឹតរុំនៅកន្លែងដែលហូរឈាមនោះ រួចរកថ្នាំព្យាបាលមុខរបួសលាបពីលើមុខរបួសជាការស្រេច។ 

២. សង្កត់បិទមុខរបួស

- សូមយកក្រណាត់ក្រាស់ៗមកបិទសង្កត់លើមុខរបួស ប្រមាណ ៥ នាទី ដើម្បីឱ្យឈាមកក់ និង ការពារឈាមមិនឱ្យហូរទៀត ។ 

- ចំពោះអ្នកជួយសង្គ្រោះវិញ គួរប្រយ័ត្នកុំឲ្យដៃប៉ះពាល់ផ្ទាល់ជាមួយឈាមអ្នករបួស ការពារកុំឱ្យឆ្លងមេរោគ និង បង្ការហានិភ័យផ្សេងៗ។

៣. លើកផ្នែករបួសឲ្យខ្ពស់

- ដាក់ឱ្យជនរងគ្រោះដេកចុះ និងលើកបរិវេណមុខរបួសឱ្យខ្ពស់ជាងក្បាល ដើម្បីទក់ស្កាត់ការកើនឡើងសម្ពាធឈាម 

- ជូតធូលី ស្នាមប្រឡាក់ និងវត្ថុដែលជាប់នឹងមុខរបួស តែកុំដកវត្ថុដែលមុតជ្រៅចេញ 

- ប្រសិនបើមានការសង្ស័យថា មានឆ្អឹងបាក់សូមយកក្រណាត់ ឬបង់រុំ មករុំត្រង់កន្លែងបាក់ឆ្អឹង ដើម្បីកុំឱ្យឆ្អឹងរំកិលចុះឡើង មុនពេលលើកមុខរបួសនោះឲ្យខ្ពស់។

៤. ការលាងសម្អាតមុខរបួស 

- សម្អាតមុខរបួស ដោយទឹកសាប៊ូខ្សោយៗលាយទឹកស្អាត ហើយជូតឲ្យស្ងួត។

- ប្រើថ្នាំព្យាបាលមុខរបួស និងថ្នាំសម្លាប់មេរោគលាបទៅលើមុខរបួស។

- ដាក់កំប្រេសស្អាតបិទពីលើមុខរបួស ព្រោះប្រហោងស្បៃកំប្រេសជួយឲ្យខ្យល់ចេញចូលធ្វើឲ្យមុខរបួសឆាប់ស្ងួត និងឆាប់ធូរស្រាល។

៥. រុំរបួសដោយបង់

- ក្រោយពេលបិទកំប្រេស លើមុខរបួសហើយ ចូរយកបង់រុំរបួសដែលជារមូរ ឬបន្ទះមករុំពីលើកំប្រេស និងបរិវេណរបួសជាច្រើនជុំ។

- រុំរបួសឲ្យហួសផុតមុខរបួសទាំងសងខាង ប្រមាណ ២.៣សង់ទីម៉ែត្រ យ៉ាងតិចបំផុត។

- មិនគួររុំរបួសតឹងណែនពេកទេ ព្រោះធ្វើឲ្យឈាមហូរមកផ្គតផ្គង់បរិវេណនេះ មិនស្រួល ហើយធ្វើឲ្យរបួសក្រសះស្បើយ។ បើបរិវេណរបួសស្ថិតចុងដៃ ឬចុងជើង គួរសង្កេតមើលកុំឲ្យចុងម្រាមដៃ ឬម្រាមជើងស្លេកគ្មានឈាម ឬមានឈាមមកកកស្ទះ រហូតឡើងពណ៌ស្វាយ។

- ពេលរុំរួចហើយ យកបង់ស្អិតបិទលើចុងបង់ ដើម្បីកុំឲ្យវារបូត ឬរហែកចុងបង់ចង់ចូលគ្នាក៏បាន។ 

៦. ពិនិត្យមើលចរាចរឈាមត្រង់បរិវេណរុំរបួស

- ក្រោយពីរុំរបួសរួចហើយ ត្រូវឧស្សាហ៍ពិនិត្យមើលបរិវេណរុំរបួស បើឃើញថា សាច់ស្លេក ដោយសារគ្មានឈាមហូរកាត់ និងត្រជាក់ ឬមានឈាមពណ៌ស្វាយ រួមទាំងស្ពឹកត្រង់បរិវេណមុខរបួស បានន័យថា អ្នករុំរបួសតឹងពេកហើយទើបមានអាការទាំងអស់នេះ ដូច្នេះសូមធ្វើការរុំសារជាថ្មីកុំឱ្យតឹងពេក៕

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom