(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីបញ្ហាខ្វះជាតិស្ករក្នុងឈាម?

សុខភាព៖ កង្វះជាតិស្ករ ជាបញ្ហាសុខភាពមួយដែលមនុស្សជាច្រើនបានជួបប្រទះ។ ជាទូទៅ កង្វះជាស្ករស្ដែងចេញពីកម្រិត​ជាតិស្ករ​នៅក្រោម​ ៧០ មីលីក្រាម ​ក្នុង ១ មីលី​លីត្រឈាម ខណៈដែលជាតិស្កររបស់មនុស្សធម្មតាស្ថិតនៅចន្លោះ​ពី ៧០​ ទៅ ១២០ ​មីលីក្រាម​ក្នុង ១ មីលីលីត្រ​ឈាម។ ចំពោះអ្នកដែលខ្វះជាតិស្ករធ្ងន់ធ្ងរ អាចបណ្ដាលមកពីពេល​ពួកគេ​ប៉ះពាល់នឹង​ជាតិពុល​អ្វីមួយ។ 

ថ្វីត្បិតតែវាមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ដោយ តែយើងក៏ត្រូវតែព្យាបាលវាឱ្យបានទាន់ពេលវេលាផងដែរ ចៀសវាងកើតមានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃក្រោយ។ 

១-​រោគ​សញ្ញា

-​ បែកញើស​ស្អិត​ៗ 

-​ ​វិលមុខ​

- ឈឺក្បាល​តិច​ៗ

-​ ងងុយដេក និង​ខ្សោយ 

- ស្បែក​ស្លេកស្លាំង

- អស់កម្លាំង 

- ថប់​អារម្មណ៍ នៅមិនសុខក្នុងខ្លួន 

- ញ័រ​ដើមទ្រូង 

- ឃ្លាន 

ក្នុងករណីកង្វះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ រោគសញ្ញាគឺៈ 

- វង្វេងវង្វាន់ 

​- ព្រិលភ្នែក 

- សន្លប់

២-​មូលហេតុ​ធ្វើឱ្យខ្វះជាតិស្ករក្នុងឈាម 

-​ ទទួលទានអាហារក្នុងបរិមាណតិចតួច  

-​ ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ​ឬ​ចាក់​អាំង​ស៊ុ​យ​លី​ន​ច្រើន​ជ្រុល 

-​ ធ្វើលំហាត់ប្រាណខ្លាំងពេក ឬ រាងកាយបញ្ចេញនូវសកម្មភាពជ្រុល  

- ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត

បញ្ជាក់បន្ថែមពីលើនេះដែរ ក្នុងវិស័យវេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន គេកត់សម្គាល់ឃើញថា មូលហេតុចម្បងដែលធ្វើឱ្យខ្វះជាតិស្ករក្នុងឈាមគឺ អ្នកជំងឺទឹកនោមផ្អែម ដែលកំពុងតែព្យាបាលជំងឺទឹកនោមផ្អែម ពីព្រោះពួកគេត្រូវតមផ្អែម និងប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ 

៣. ផលវិបាកដែលបណ្ដាលមកពីកង្វះជាតិស្ករ 

- កង្វះជាតិស្ករ ជាមូលហេតុធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ត គិតច្រើន តានតឹងខ្លាំងឡើងៗ រហូតឈានដល់ការសម្លាប់ខ្លួន។  

- រោគសញ្ញាកង្វះជាតិស្ករ ក៏ជាផលវិបាករបស់វាផងដែរ។ 

៤. វិធីព្យាបាល 

បើអ្នកយល់ថា ខ្លួនឯងកំពុងតែស្ថិតក្នុងស្ថានភាពកង្វះជាតិស្ករ សូមមកឱ្យគ្រូពេទ្យពិនិត្យឈាម និងទទួលយកការព្យាបាល និងធ្វើតាមការណែនាំរបស់គ្រូពេទ្យជំនាញ ទើបអាការខ្វះជាតិស្កររបស់អ្នក ឆាប់ជា និងមិនផ្ដល់ផលវិបាកកាន់តែធ្ងន់ធ្ងរ។ 

៥. វិធី​បង្ការ​

-​ ទទួលទាន​អាហារ​ឱ្យ​បាន​ទៀងទាត់​ ៣ ​ពេល ​ក្នុង​មួយ​ថ្ងៃ  

-​ ញ៉ាំអាហារ​សម្រន់បន្ថែម ក្នុងករណីធ្វើការ​ងារ​ធ្ងន់​បញ្ចេញកម្លាំង​ច្រើន 

-​ គួរញ៉ាំអាហារទ្រាប់ក្រពះជាមុន មុននឹងទទួលទានជាតិស្រវឹង

- ដោយឡែកចំពោះអ្នកកើតជម្ងឺទឹកនោមផ្អែម គួរទទួលទានជាតិស្ករតាមការណែនាំរបស់គ្រូពេទ្យជំនាញ៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom