សុខភាព៖ ការហាត់ប្រាណ និងលេងកីឡា ពិតជាសំខាន់ណាស់ចំពោះសុខភាព ព្រោះវាជួយឱ្យរាងកាយមានសកម្មភាព បញ្ចេញជាតិពុល និងធ្វើឱ្យរាងស្អាត។
សព្វថ្ងៃនេះគេកត់សម្គាល់ឃើញថា ការដើរហាត់ប្រាណ ទទួលបានការពេញនិយមច្រើនគួរសមដែរ ដោយសារតែអ្នកហាត់ប្រាណទាំងនោះ យល់ថា ការដើរហាត់ប្រាណ ជាប្រភេទកីឡាងាយស្រួល រាងកាយសកម្ម បញ្ចេញជាតិពុលតាមរយៈញើស ជួយកម្ចាត់ខ្លាញ់ក្បាលពោះ និងជួយគ្រប់គ្រងសម្ពាធឈាម និងជាតិស្ករជាដើម។
តែយ៉ាងណា ដើម្បីសុខភាព និងប្រសិទ្ធិភាពនៃការដើរ សូមលោកអ្នកដើរយ៉ាងហោចណាស់ឱ្យបានពី ១៥ ទៅ ៣០ នាទី ឬទៅ ១ ម៉ោង នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោមនេះ៖
១- បង្កើនសុខភាពខួរក្បាល ជំនួយដល់ការចងចាំ ទប់ស្កាត់ជំងឺវង្វេងវង្វាន់ និងជំនួយដល់សុខភាពផ្លូវចិត្តដែលជម្រុញឱ្យអារម្មណ៍ស្រស់ស្រាយ
២- ជំនួយដល់សុខភាពភ្នែក និងជួយប្រឆាំងនឹងជំងឺដក់ទឹកក្នុងភ្នែក
៣- ជំនួយដល់សុខភាពបេះដូង ដូចជាជួយការពារជំងឺទាក់ទងនឹងបេះដូង រួមមានជំងឺដាច់សរសៃឈាមខួរក្បាល
៤- ជួយគ្រប់គ្រងជាតិស្ករ និងបន្ថយអត្រាប្រឈមជំងឺទឹកនោមផ្អែម
៥- សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងជម្រុញឱ្យលំហូរលាមកមកស្រួល
៦- ជំនួយដល់សាច់ដុំរឹងមាំ និងមានចលនាល្អ មិនងាយឆាប់ស្ពឹកស្រពន់
៧- ជួយឆ្អឹងនិងសន្លាក់ឱ្យរឹងមាំ ដោយជួយទប់ស្កាត់ការបាត់បង់ភាពរឹងមាំនៃឆ្អឹង សន្លាក់ និងបន្ថយហានិភ័យនៃការបាក់ឆ្អឹង
៨- ជំនួយដល់ឆ្អឹងខ្នងឱ្យសុខភាពល្អ ក្នុងការសម្រួលដល់ចរន្តឈាមក្នុងរចនាសម្ព័ន្ធឆ្អឹងខ្នង និងបន្ថយអត្រាឈឺឆ្អឹងខ្នងនៅពេលហាត់ប្រាណ។
៩ - កាត់បន្ថយការប្រឈមជំងឺវង្វេងស្មារតីនៅពេលចាស់ជរា
១០- កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ សុដន់ ឬ ស្បូន រហូតដល់ទៅ ២០ ភាគរយ
១១- បង្កើនវីតាមីន D
១២- ជួយដុតខ្លាញ់ក្បាលពោះ និងសម្រកទម្ងន់
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom