(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ជាច្រើនរបស់ស្លឹក និងផ្លែត្របែកខ្ចី

ត្របែក គឺជាផ្លែឈើសម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីនA C B2 K និង E រួមទាំងសារធាតុរ៉ែផ្សេងៗទៀតរួមមាន ម៉ាញេទិច ផូស្វ័រ ជាតិដែក ស្ពាន់ និង កាល់ស្យូម ព្រមទាំងផ្ទុកនូវសារធាតុ Lycopene ដែលជាសារធាតុម្យ៉ាងជួយប្រឆាំងការលូតលាស់នៃកោសិការមហារីកសុដន់ និង សួត។ បន្ថែមពីលើនេះដែរ គេរកឃើញថា ស្លឹក និងផ្លែត្របែកខ្ចី ផ្ទុកនូវសារធាតុដែលជួយព្យាបាលជំងឺរាគរូស និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។

ខាងក្រោមនេះជាវិធីយកស្លឹក និង ផ្លែត្របែកខ្ចីព្យាបាលជំងឺរាគ៖ 

១. ស្លឹកត្របែក 

- យកស្លឹកត្របែកដែលមិនចាស់ មិនខ្ចីពេក ៥ ទៅ ១០ សន្លឹក ដាក់ដាំក្នុងទឹកចំណុះ ៥០០ មិល្លីលីត្រ ទុករយៈពេល ១៥ នាទី រួចសម្រិតយកទឹកមកផឹកជាការស្រេច (រាគរូសកម្រិតស្រាល), ដោយឡែក ចំពោះករណីរាគរូសកម្រិតខ្លាំងវិញ សូមដាំឱ្យពុះដោយបើកភ្លើងតិចៗរយៈពេល ៣០ នាទី សឹមយកមកផឹក។ 

២. ត្របែកខ្ចី

- យកផ្លែត្របែកខ្ចីលាងឱ្យស្អាត ចិតស្ដើងៗហើយឆ្កឹះគ្រាប់ចេញ រួចយកទៅហាលឱ្យក្រៀម។ បន្ទាប់មកបុកចំណិតត្របែកដែលបានហាលក្រៀមហើយនោះ មកកិនបុកឱ្យម៉ត់ក្លាយជាល្បាយម្សៅជាការស្រេច។ ដូច្នេះ ក្នុងករណីដែលអ្នកកើតជំងឺរាគរូស សូមយកម្សៅត្របែកកន្លះស្លាបព្រាបាយលាយជាមួយទឹកក្នុងបរិណសមល្មមផឹក (សម្រាប់ក្មេងតូច), ដោយឡែក ចំពោះមនុស្សធំវិញត្រូវប្រើម្សៅត្របែក ១ ស្លាបព្រាបាយ។

វិធីទាំង ២ យ៉ាងខាងលើនេះ មិនត្រឹមតែជួយព្យាបាលជំងឺរាគរូសនោះទេ ថែមទាំងទទួលបាននូវអត្ថប្រយោជន៍មួយចំនួនទៀតដូចជា៖  

១- ជួយបន្ថយការរលាកក្រពះ និងពោះវៀន 

២- ជួយកម្ចាត់ក្លិនមាត់មិនល្អ 

៣- ប្រឆាំងជំងឺមហារីកមួយចំនួន 

៤- ជួយដល់ប្រព័ន្ធរំលាយអាហារកម្ចាត់រាល់បាក់តេរី និងប៉ារ៉ាស៊ីតក្នុងរាងកាយ 

៥- កម្ចាត់ផ្តាសាយ 

៦- កម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយ 

៧- បន្ថយការឈឺចាប់ពេលមករដូវ  

ចំណាំ៖ បើអ្នកអនុវត្តរូបមន្តខាងលើ មិនថារូបមន្តទី ១ ឬទី ២ នោះទេ ហាមទទួលទានដំឡូងស្ងោ។ ទឹកត្របែក ហាមពិសាលើសពីបួនកែវ និងពិសាត្រឹមពីរថ្ងៃជាប់គ្នាបានហើយ។ ក្នុងករណីមិនបាត់ ឬមានអ្វីខុសប្រក្រតីសូមរុះរាន់មកកាន់មន្ទីរពេទ្យជាបន្ទាន់ ព្រោះអ្នកប្រតិកម្មក្លិនត្របែក ឬញ៉ាំអ្វីខុសជាដើម៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom