(+855) 11 909 020 / 69 909 011

វិធីងាយៗ ៧ យ៉ាងជួយបំបាត់ក្លិនមាត់យ៉ាងមានប្រសិទ្ធិភាព

សុខភាព៖ ក្លិនមាត់ គឺជាបញ្ហាដែលមនុស្សភាគច្រើនជួបប្រទះ ហើយវាពិតជាជះឥទ្ធិពលអាក្រក់ណាស់ក្នុងពេលសន្ទនាគ្នា។ ដូច្នេះ ដើម្បីបំបាត់ក្លិនមាត់ លោកអ្នកអាចអនុវត្តវិធីសាស្រ្តខាងក្រោមនេះ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យ។

ខាងក្រោមនេះជាវិធីសាស្រ្ត ៧ យ៉ាងជួយបំបាត់ក្លិនមាត់៖ 

១- ដុសធ្មេញជាប្រចាំ (មុនពេលបរិភោគអាហារពេលព្រឹក, ក្រោយពេលបរិភោគអាហារថ្ងៃត្រង់ និងល្ងាច និងមុនពេលចូលគេង)

២- ខ្ពុរមាត់ឱ្យបានញឹកញាប់ ជាពិសេសក្រោយពេលបរិភោគអាហារ ព្រោះបន្ទាប់ពីយើងបរិភោគអាហារ យើងនឹងប្រឈមខ្លាំងក្លិនមាត់។

៣- ផឹកទឹកឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ (ក្នុងករណីនេះ លោកអ្នកអាចកំណត់ ១ ម៉ោងម្ដង ផឹកទឹក ១ កែវ ដើម្បីឱ្យមាត់ បំពង់ខ្យល់ និងសម្លេងមានសំណើមជានិច្ច។ ផឹកទឹកយ៉ាងហោចណាស់ ៨ កែវ ក្នុងមួយថ្ងៃ ឬ ២ លីត្រ) ។

៤- សម្រាប់អ្នកដែលចូលចិត្តញ៉ាំត្រសក់ អាចញ៉ាំត្រសក់មួយផ្លែក្នុងមួយថ្ងៃ។ ( ញ៉ាំត្រសក់មួយផ្លែក្នុងមួយថ្ងៃ មិនត្រឹមតែជួយបំបាត់ក្លិនមាត់នោះទេ វាថែមទាំងជួយបន្សាបជាតិពុល បង្គ្រប់ជាតិទឹកក្នុងរាងកាយ សម្រួលដល់ប្រព័ន្ធរំលាយអាហារ ដុតកម្ទេចជាតិខ្លាញ់ បង្កើនវីតាមីន B ខ្ពស់ ដែលរាងកាយត្រូវការរាល់ថ្ងៃជាចាំបាច់  ជំនួយដល់សក់ និងស្បែក និងទប់ស្កាត់បញ្ហាចេញស្នាមសង្វានៅលើស្បែកទៀតផង។)។ 

៥- វិធីងាយមួយទៀត គឺលោកអ្នកគ្រាន់តែទំពារស្ករគ្រាប់ ដែលមានជាតិធ្វើឱ្យខ្យល់ដកដង្ហើមស្រស់ថ្លា មុននឹងសន្ទានាជាមួយអ្នកដទៃជាការស្រេច។ ជាមួយគ្នានេះដែរ លោកអ្នកអាចពិសាទឹកមួយកែវ បន្ទាប់ពីខ្ជាក់ស្ករគ្រាប់ចេញ។  

៦- បន្ថយការទទួលទានអាហារ ដែលមានក្លិនឆួល ដូចជា មើមខ្ទឹម និងខ្ទឹមបារាំង សម្បូរទៅដោយជាតិ ស៊ុលហ្វីដ(Sulfide), បារី និងស្រា ។

៧- បង្កើនការទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើន ព្រោះវាជួយសម្រួលក្នុងការបត់ជើងធំ និងជួយការពារជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិនឲ្យមានក្លិនស្អុយមាត់ទៀតផង ។

ចំណាំ៖ ក្នុងករណីក្លិនមាត់របស់អ្នក ធំក្លិនអាក្រក់ខ្លាំងខុសពីធម្មតា ហើយបើទោះបីជាដុសធ្មេញ ខ្ពុរមាត់ ឬប្រើវិធីសាស្រ្តគ្រប់យ៉ាងក៏ដោយ ក៏មាត់នៅតែធំក្លិនអាក្រក់ សូមទៅពិរគ្រោះជាមួយគ្រូពេទ្យ ព្រោះវាអាចជាសញ្ញាអ្វីមួយដែលបញ្ជាក់ថា លោកអ្នកកំពុងកើតជំងឺអ្វីម្យ៉ាងក្នុងខ្លួន៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom