សុខភាព៖ ជាធម្មតារាងកាយមនុស្សត្រូវការថាមពល និង សារជាតិចិញ្ចឹម មិនលើសមិនខ្វះ និងអាស្រ័យលើអាយុ ភេទ និងសកម្មភាពប្រចាំថ្ងៃ។ ដូចជា មនុស្សប្រុសពេញវ័យ ត្រូវការថាមពល ៣,៤១០កាឡូរី ចំណែកឯមនុស្សស្រីពេញវ័យវិញ ត្រូវការថាមពល ២,៥០៣កាឡូរី។
ក្នុងករណីដែលរាងកាយស្រូបយកថាមពលលើសកាឡូរីជាប្រចាំថ្ងៃ វាអាចបង្កទៅជាជំងឺធាត់ ឬលើសទម្ងន់ខ្លាំង ដែលប្រឈមនឹងជំងឺផ្សេងៗ ជាពិសេសប្រឈមខ្លាំងជំងឺកាចសាហាវមួយចំនួនដូចជាជំងឺលើសឈាម ទឹកនោមផ្អែម និងមហារីកជាដើម។
ការលើសទម្ងន់ខ្លាំងអាចបណ្ដាលមកពីកត្តាច្រើនយ៉ាងដូចជា៖
១. របបអាហារ៖ បរិភោគនូវចំណីអាហារដែលសម្បូរកាឡូរី (អាហារសម្បូរជាតិស្ករ និងខ្លាញ់) ជាប្រចាំថ្ងៃ។
២. តំណរពូជ៖ មាននរណាម្នាក់ជាមនុស្សធាត់ នៅក្នុងចំណោមឪពុកម្ដាយ យាយតា បងប្អូន ឬសាច់ញាតិរបស់អ្នក។
៣. ផ្លូវចិត្ត៖ នៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំង ឬ ស្រ្តេស្តខ្លាំង វាជាមូលហេតុធ្វើឱ្យរាងកាយធាត់ ឬលើសទម្ងន់។
៤. កង្វះការហាត់ប្រាណ៖ រាងកាយចាំបាច់ត្រូវមានសកម្មភាព ឬហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីបញ្ចេញជាតិពុល និងបង្កើនភាពរហ័សរហួន រឹងមាំ សុខភាពល្អ និងទប់ស្កាត់ភាពធាត់។ ប្រសិនបើរាងកាយកង្វះនូវការបញ្ចេញសកម្មភាព ឬហាត់ប្រាណ វាមិនត្រឹមតែធ្វើឱ្យសុខភាពចុះខ្សោយទ្រុឌទ្រោម ងាយឈឺ និងសម្បូរជាតិពុលក្នុងខ្លួននោះទេ ថែមទាំងធ្វើឱ្យធាត់លើសទម្ងន់ខ្លាំងថែមទៀតផង។
៥. ទទួលទានជាតិផ្អែម៖ ផឹកភេសជ្ជៈជាតិផ្អែម ឬ បង្អែមច្រើនពេកជាប្រចាំថ្ងៃ ជាពិសេសនៅពេលយប់ក្បែរម៉ោងចូលគេង វានឹងធ្វើឱ្យអ្នកធាត់ខ្លាំងជាក់ជាមិនខាន ហើយប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែមថែមទៀតផង។
៦. បរិភោគអាហារនៅពេលយប់៖ បើអ្នកទទួលទានអាហារនៅពេលយប់ ជាពិសេសចំណីអាហារពិបាករំលាយ គឺជាមូលហេតុធ្វើឱ្យក្រពះរំលាយអាហារមិនបានល្អ ហើយបញ្ចេញកាកសំណល់មិនអស់បណ្ដាលឱ្យធាត់។
៧. ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនដែលអ្នកប្រើប្រាស់ដើម្បីព្យាបាលជំងឺ គឺផ្ដល់ផលវិបាកឱ្យអ្នកប្រើប្រាស់ធាត់លើសទម្ងន់។
៨. ការផ្លាស់ប្ដូររបប ឬ ទម្លាប់រស់នៅ៖ ការគេង ការបញ្ចេញសកម្មភាព ការទទួលទានអាហារ ការធ្វើដំណើរ ឬកត្តាផ្សេងៗទៀត ក៏អាចជាមូលហេតុធ្វើឱ្យអ្នកធាត់ផងដែរ។
ចំណាំ៖ កត្តាដែលធ្វើឱ្យយើងធាត់ខ្លាំង គឺរបបអាហារ សម្បូរកាឡូរី (អាហារសម្បូរជាតិផ្អែម ខ្លាញ់...), បរិភោគអាហារនៅពេលយប់, កង្វះលំហាត់ប្រាណ និងការផ្លាស់ប្ដូរទម្លាប់រស់នៅ៕
- ស្រាវជ្រាវ និង កែសម្រួល៖ សុខក្រម - Sokhakom