ជំងឺរលាកស្រោមខួរក្បាល គឺជាជំងឺមួយប្រភេទដែលបង្កឡើងមកពីវីរុស ឬ មិនមែនវីរុស។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ តែភាគច្រើនកើតលើកុមារ និង មនុស្សខ្សោយប្រព័ន្ធការពារ។ ផលវិបាកធ្ងន់ធ្ងរនៃជំងឺនេះ គឺជាមូលហេតុធ្វើឱ្យកើតជំងឺខ្សោយតម្រងនោមថែមទៀត និងអាចបាត់បង់ជីវិតប្រសិនបើមានការយឺតយ៉ាវក្នុងការព្យាបាល។
១. និយមន័យជំងឺរលាកស្រោមខួរក្បាល
ជំងឺរលាកស្រោមខួរក្បាល គឺជាប្រភេទជំងឺដែលបណ្ដាលឱ្យមានការរលាកទៅលើស្រោមខួរ ដែលវាគ្រប់ដណ្ដប់ទៅលើខួរក្បាល និងខួរឆ្អឹងខ្នង។
២. ប្រភេទនៃជំងឺរលាកស្រោមខួរក្បាល
ជំងឺរលាកស្រោមខួរក្បាលបែងចែកចេញជា ២ ប្រភេទគឺ រលាកស្រោមខួរស្រួចស្រាវ និងរលាកស្រោមខួររ៉ាំរ៉ៃ។
៣. រោគសញ្ញាជំងឺរលាកស្រោមខួរក្បាល
ជាទូទៅរោគសញ្ញានៃជំងឺរលាកស្រោមខួរក្បាលស្ដែងចេញទៅតាមមូលហេតុដែលបង្កជំងឺ។ ចំពោះរោគសញ្ញាសំខាន់ៗវិញមានដូចជា៖
- មានក្ដៅខ្លួនខ្លាំង
- រឹងកញ្ចឹងក
- ឈឺក្បាលខ្លាំងខុសពីឈឺក្បាលធម្មតា
- អាចមានសញ្ញាវង្វេងវង្វាន់
- អាចមានប្រកាច់
- មានអាការខ្លាចពន្លឺភ្លឺ
- មិនសូវឃ្លានអាហារ
- ឬអាចមានកន្ទួលក្រហមលើស្បែក
៤. មូលហេតុបណ្ដាលឱ្យកើតជំងឺរលាកស្រោមខួរក្បាល
មានកត្តា ២ យ៉ាងសំខាន់ៗដែលបង្កឱ្យកើតជំងឺរលាកស្រោមខួរក្បាលគឺ ពពួកមេរោគ និង មិនមែនមេរោគ។
៤.១.បង្កឡើងដោយពពួកមេរោគ៖
- បាក់តេរី
- វីរុស
- ពពួកផ្សិត
- ពពួកប៉ារ៉ាសិត
ពពួកមេរោគទាំងនេះបានរាតត្បាតតាមចរន្តឈាមរួចបង្ករឱ្យមានការរលាកនៅស្រោមខួរ។
៤.២.បង្កឡើងដោយមិនមែនមេរោគ៖
- គ្រោះថ្នាក់ប៉ះទង្គិចក្បាល
- ដុំសាច់មហារីក
- សារធាតុគីមីផ្សេងៗ ឬដោយប្រតិកម្មឱសថ
- ប្រភេទជំងឺរ៉ាំរ៉ៃផ្សេងៗ
- មេរោគក្នុងឈាម
៥. មនុស្សងាយប្រឈមជំងឺរលាកស្រោមខួរក្បាល
ជំងឺរលាកស្រោមខួរក្បាលកើតឡើងលើមនុស្សគ្រប់វ័យទាំងអស់ ក៏ប៉ុន្តែគេសង្កេតឃើញថា បុគ្គលដែលងាយរងគ្រោះដោយសារតែជំងឺនេះគឺ ទារក កុមារ មនុស្សចាស់វ័យលើសពី ៦០ ឆ្នាំ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
៦. ផលវិបាក
ផលវិបាកនៃជំងឺរលាកស្រោមខួរក្បាលមានដូចជា៖
- បង្កជាជំងឺប្រកាច់ឆ្កួតជ្រូក (អេពីឡិបស៊ី)
- បង្កឱ្យមានបញ្ហាថ្លង់ ខ្សោយភ្នែក
- ប៉ះពាល់ដល់បញ្ញា និងការចងចាំ
- បង្កឱ្យមានបញ្ហាឈឺក្បាលប្រកាំង រ៉ាំរ៉ៃ
- ខ្សោយតម្រងនោម
- អត្រាស្លាប់ពី ១០% ទៅ ២០%
ប្រសិនបើជំងឺរលាកស្រោមខួរក្បាលព្យាបាលពុំទាន់ពេលវេលា ឬអូសបន្លាយការព្យាបាល វាអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ បានគ្រប់ពេលវេលារបស់វាទាំងអស់។
៧. ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកស្រោមខួរក្បាល គឺធ្វើឡើងតាមរយៈការសាកសួរប្រវត្តិរបស់អ្នកជំងឺ ការពិនិត្យសញ្ញាគ្លីនិកដែលស្ដែងចេញ រួមនឹងការធ្វើតេស្តអមគ្លីនិក ដូចជាការពិនិត្យមើលឈាម បណ្ដុះមេរោគក្នុងឈាម ទឹកខួរឆ្អឹងខ្នង និងអាចស្គែនដោយ CT ឬ MRI។
៨. ការព្យាបាល
ការព្យាបាលជំងឺរលាកស្រោមខួរក្បាលគឺធ្វើការព្យាបាលដោយអាស្រ័យទៅលើមូលហេតុដែលបង្ក។ កាលណាយើងរកឃើញមូលហេតុ នោះការព្យាបាលនឹងធ្វើទៅតាមនោះដែរ។
ឧទាហរណ៍៖ ប្រសិនបើជំងឺរលាកស្រោមខួរក្បាលរកឃើញថា បង្ករដោយពពួកបាក់តេរី នោះការព្យាបាលទាមទារឱ្យមានការប្រើប្រាស់ថ្នាំអង់ទីប្យូទិក ដើម្បីសម្លាប់ពពួកមេរោគបង្កទាំងឡាយនោះចេញ នោះទើបការព្យាបាលមានប្រសិទ្ធភាព។
៩. វិធីបង្ការ
ដោយសារតែជំងឺរលាកស្រោមខួរក្បាល ឆ្លងពីមេរោគមួយចំនួនតាមរយៈការក្អក កណ្ដាស់ ការប៉ះពាល់គ្នា ឬតាមរយៈចំណីអាហារ ដូច្នេះវិធីបង្ការជំងឺនេះត្រូវផ្ដោតសំខាន់លើការអនុវត្ត ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងការចាក់ថ្នាំបង្ការជំងឺរលាកស្រោមខួរក្បាល។
១០. ដំបូន្មានគ្រូពេទ្យ
« ប្រសិនបើអ្នកជំងឺដឹងថាខ្លួនឯងកើតជំងឺរលាកស្រោមខួរក្បាល សូមអញ្ជើញមកធ្វើការត្រួតពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ
ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យកើតជំងឺ ទើបងាយស្រួលក្នុងការព្យាបាលបានទាន់ពេលវេលា ចៀសវាងបាត់បង់ជីវិត។» (វីដេអូសម្ភាសន៌នៅខាងក្រោម)
រៀបរៀងដោយ៖ សុខក្រម
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជុំ ណាវុធ