(+855) 11 909 020 / 69 909 011

ទឹកអង្ករ ទឹកដោះគោឆៅ និងទឹកឃ្មុំ ជាម៉ាស់បិតមុខដ៏អស្ចារ្យរបស់ជប៉ុន

ជនជាតិជប៉ុន បានចាត់ទុកថា អង្ករជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ថែរក្សាសម្រស់ ដោយសារតែអង្ករផ្ទុកនូវសារជាតិ ជួយការពារស្បែកប្រឆាំងពីពន្លឺព្រះអាទិត្យ ផ្ទុកអាស៊ីត Linoleic និង​សារជាតិ Squalene ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្ម ជម្រុញដល់ការផលិតកូឡាជែនក្នុងស្បែក បន្ថយភាពជ្រីវជ្រួញ ជួយរក្សាស្បែក និងសម្រស់ឱ្យនៅក្មេងជាងវ័យ។ ហេតុនេះហើយ ទើបអង្ករត្រូវបានគេយកទៅធ្វើជាម៉ាស់បិតមុខ។ 

ខាងក្រោមនេះជាវិធីធ្វើម៉ាស់បិតមុខពីអង្ករ៖  

១. គ្រឿងផ្សំ៖

- ទឹកបាយដែលកំពុងតែដាំ ក្នុងបរិមាណសមល្មម ឬ ៣ ស្លាបព្រាបាយ

- ទឹកដោះគោឆៅ ១ ស្លាបព្រាបាយ 

- ទឹកឃ្មុំ ១ ស្លាបព្រាបាយ 

២. វិធីធ្វើ៖

សូមសម្រឹតយកទឹកបាយដែលកំពុងតែដាំ  រួចទុកវាចោលក្នុងសីតុណ្ហភាពក្ដៅៗឧណ្ហៗ ទើបចាក់ទឹកដោះគោឆៅចូលហើយកូរឱ្យសព្វ។ បន្ទាប់មកទុកឱ្យត្រជាក់បន្តិច ទើបបន្ថែមទឹកឃ្មុំចូលតាមក្រោយរួចកូរឱ្យសព្វជាការស្រេច។

៣. វិធីប្រើ៖ 

សូមយកគ្រឿងផ្សំដែលផ្សំបានហើយនោះ មកបៀកបិតនៅលើផ្ទៃមុខដូចបិតម៉ាស់យ៉ាងដូច្នោះដែរ។ សូមបិតម៉ាស់នេះរហូតទាល់តែម៉ាស់ស្ងួត ទើបលាងជាមួយទឹកធម្មតាចេញជាការស្រេច៕ 

ចំណាំ៖ ដើម្បីប្រសិទ្ធិភាពខ្ពស់ លោកអ្នកអាចអនុវត្តវិធីសាស្រ្តនេះ ២ ទៅ ៣ ដង ក្នុងមួយសប្ដាហ៍៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom