(+855) 11 909 020 / 69 909 011

តើហេតុអ្វីបានជាខ្ញុំរលាកអញ្ចាញធ្មេញ ? 

១. និយមន័យ
​រោគ​រលាក​អញ្ចាញ​ធ្មេញ​ ឬជំងឺអញ្ចាញធ្មេញ គឺជាជំងឺម្យ៉ាងដែលធ្វើឱ្យមានការ​រលាក​អញ្ចាញនៅជុំវិញ​ធ្មេញ ដែលប៉ះពាល់​ដល់​ជាលិកា និង​ឆ្អឹងទ្រ​ធ្មេញ។​ ជាទូទៅជំងឺនេះបង្កឡើងពី ពពួកមេរោគ ឬ សំអេក ដែលភាសាសាមញ្ញហៅថា កំណកនៅតាមជើងធ្មេញ (Biofilm  ឬPlaque)។

២. ប្រភេទ ​
រោគ​រលាក​អញ្ចាញ​ធ្មេញ​ មាន ២ ប្រភេទគឺ៖
- ជំងឺ​អញ្ចាញ​ធ្មេញ​ដែល​ប៉ះពាល់​តែ​អញ្ចាញ​ជាលិកា​ទន់នៅ​ជុំវិញ​ធ្មេញ​។
- រោគ​រលាក​អញ្ចាញ​ធ្មេញ​ធ្ងន់ធ្ងរ​ គឺ​វា​រាលដាល​ធ្វើឲ្យ​ខូច​ជាលិកា​ទន់ និង​ឆ្អឹង​ដែល​ទ្រ​ធ្មេញ​។ 

៣. រោគសញ្ញា
- ​អញ្ចាញ​ក្រហម​ហើមប៉ោង និងឈឺនៅពេលប៉ះវា 
- លើ​ធ្មេញ​ស្រៀវ 
- អញ្ចាញ​មាន​រសជាតិ​ដូច​ដែក​នៅក្នុង​មាត់
- ធ្មេញ​រលុង 
- អាចមានការឈឺចាប់នៅពេលទំពារអាហារពីលើអញ្ចាញធ្មេញដែលរលាកនោះ
- នៅពេលដុសធ្មេញ ឬការប្រើសរសៃអំបោះមកសម្អាត មានឈាមហូរតាមធ្មេញ
- ធុំក្លិនមាត់ មុនពេល ឬក្រោយពេលទទួលទានចំណីអាហារ

៤.មូលហេតុបង្ក 
មានមូលហេតុជាច្រើនដែលបង្កឱ្យកើតជំងឺរលាកអញ្ចាញធ្មេញរួមមាន៖ 
- មេរោគដែលមកពីកំណកនៅជើងធ្មេញ (Bacteria Plaque)
- អញ្ចាញធ្មេញប៉ះទង្គិចខ្លាំងនឹងវត្ថុរឹង 
- កង្វះអនាម័យមាត់ធ្មេញ ឬសម្អាតមាត់ធ្មេញពុំបានស្អាតត្រឹមត្រូវ  
- ការរលាកអញ្ចាញធ្មេញលើសពី ៤៨ម៉ោង កំណក(Plaque) នឹងវិវត្តន៍ទៅជា កំណកំបោរ (Calculus)
- ធ្មេញដុះមកច្អៀតគ្នាពីធម្មតាជាតិ ក៏ជាមូលហេតុធ្វើឱ្យរលាកអញ្ចាញធ្មេញផងដែរ។

៥.កាធ្វើរោគវិនិច្ឆ័យ
ជាទូទៅទន្តពេទ្យធ្វើរោគវិនិច្ឆ័យទៅលើជំងឺអ្នករលាកអញ្ចាញធ្មេញ នៅពេលដែលអ្នកជំងឺហូរឈាមអញ្ចាញធ្មេញ ធំក្លិនមាត់ មានសំអេក ឬកំណកំបោរនៅជុះវិញជើងធ្មេញ។ 

៦.ផលវិបាក
ផលវិបាកនៃជំងឺរលាកអញ្ចាញធ្មេញ គឺធ្វើឱ្យប៉ះពាល់ដល់អញ្ចាញឆ្អឹងទ្រទ្រង់ធ្មេញ កោសិកា និងធ្មេញ (អង្គើ) ដែលបង្កទៅជាការរលាកជាលិកាជុំវិញធ្មេញរ៉ាំរៃ ការរលាកជាលិកាជុំវិញធ្មេញធ្ងន់ធ្ងរខ្លាំង ហើយវាធ្វើឱ្យអ្នកជំងឺប្រឈមខ្លាំងនឹងជំងឺផ្សេងៗទៀតរួមមាន ជំងឺទឹកនោមផ្អែម និងប្រព័ន្ធដកដង្ហើម ជំងឺ​ហឺត ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និងជំងឺទាក់ទងនឹងបេះដូង។ 

៧.ការព្យាបាល
ប្រសិនបើអ្នកសង្កេតឃើញថា រោគសញ្ញារលាកអញ្ចាញធ្មេញកំពុងតែកើតលើអ្នក សូមរុះរាន់មកពិនិត្យសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការព្យាបាល។
- ការព្យាបាលដោយមិនចាំបាច់ការវះកាត់ ដូចជា កោសសម្អាតកំបោរនៅជើងធ្មេញ (Scale) នៅតាមឬសធ្មេញ (Root Planning) និងប្រើប្រាស់ថ្នាំផ្សះ (Antibiotic)។ 
- ការព្យាបាលដោយវះកាត់ ដូចជា ការបកអញ្ចាញ (Flap design), ការតអញ្ញាញ (Soft tissue grafts), ការតឆ្អឹង (Bone grafts)។ 

៨. វិធីសាស្ត្រការពារ
- ត្រួតពិនិត្យសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា តាមវេជ្ជបញ្ជារបស់ទន្តពេទ្យ។ 
- អនាម័យមាត់ធ្មេញឱ្យបានត្រឹមត្រូវ។ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)