សាច់គោ គឺជាប្រភេទសាច់ក្រហមសម្បូរប្រូតេអ៊ីនដែលជាប្រភពនៃអាស៊ីតអាមីនេ និងសម្បូរទៅដោយសារជាតិដែក ស័ង្កសី និងវីតាមីនសំខាន់ៗដូចជា វីតាមីនអា វីតាមីនបេ និង វីតាមីនដេ។
ដោយសារតែសាច់គោសម្បូរប្រូតេអ៊ី និងសារធាតុរ៉ែបែបនេះហើយ ទើបបានជាវាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ដល់អ្នកទទួលទានដូចជា៖
- ជាប្រភពនៃប្រូតេអ៊ីន ហើយសាច់គោបានផ្ដល់នូវអាស៊ីតអាមីនេដល់រាងកាយ ដែលរាងកាយមិនអាចផលិតបាន។ អាស៊ីតអាមីនេនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកា បង្កើនគុណភាពប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ។ ប្រូតេអ៊ីន ជាសារធាតុដ៏សំខាន់ក្នុងការផលិតអង់ទីគ័រការពាររាងកាយយើង។ ដរាបណាខ្លួនប្រាណយើងសំបូរទៅដោយប្រូតេអ៊ីន ប្រព័ន្ធភាពស៊ាំរាងកាយយើងនឹងមានភាពរឹងមាំ និងពុំងាយឈឺឡើយ។
- ជួយជម្រុញឱ្យអុកស៊ីហ្សែនមានដំណើរការល្អក្នុងរាងកាយ។
- សារធាតុស័ង្កសី ដើរតួនាទីយ៉ាងចំបងក្នុងការបង្កើតជាលិកា និងមេតាបូលីសដើម្បីផលិតថាមពលដល់រាងកាយ តាមរយៈការបំបែកខ្លាញ់ និងសារធាតុមួយចំនួនទៀត។
- សម្បូរសារធាតុដែក និងស័ង្កសី ជាដើម។
- សាច់គោក្រហម ក៏សំបូរទៅដោយវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីនអា វីតាមីនបេ និង វីតាមីនដេជាដើម។
- បង្កើនសមត្ថភាពខួរក្បាល និងពង្រឹងការចងចាំ។
- វីតាមីន B12 និង B6 ក្នុងសាច់គោ ជួយប្រឆាំងជាតិគីមីផ្សេងៗដែលបង្កទៅជាម៉ូលេគុលក្នុងរាងកាយ។
- ជួយកាត់បន្ថយការប្រឈមដែលនាំឲ្យខូចសរសៃប្រសាទ និងបង្កើនប្រព័ន្ធភាពស៊ាំ។
- Omega-3 fatty ដែលមាននៅក្នុងសាច់គោ គឺជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺខ្លាញ់ក្នុងឈាម ដែលជាមូលហេតុបង្កឱ្យកើតជំងឺលើសឈាម។
- ជំនួយដល់ឆ្អឹក និងធ្មេញរឹងមាំ។
- បង្កើនថាមពល។
តែយ៉ាងណាមិញ អ្នកបរិភោគសាច់គោ ក៏ត្រូវដឹងផងដែរថា ការទទួលទានសាច់គោញឹកញាប់ពេក និងសាច់ជាប់ឈាម គឺប្រឈមនឹងបញ្ហាសុខភាព ជាពិសេសសុខភាពបេះដូង។
ខាងក្រោមនេះជាផលប៉ះពាល់៖
- ការបរិភោគសាច់គោច្រើនពេក ធ្វើឱ្យបាត់បង់តុល្យភាពលំនឹង និងបង្កើនជាតិអាស៊ីតក្នុងរាងកាយ។
- សារធាតុកូលេស្តេរ៉ុល និងសូដ្យូមដែលមានក្នុងសាច់គោ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង ដែលអាចធ្វើឱ្យយើងប្រឈមបញ្ហាសរសៃឈាម និង បេះដូង។
ចំណាំ៖ ការទទួលទានសាច់គោជាប់ឈាម ដែលមិនបានចម្អិនឱ្យឆ្អិនល្អ ១០០ % គឺពុំត្រូវបានជម្រុញឱ្យបរិភោគនោះទេ ព្រោះវាផ្ដល់ផលប៉ះពាល់ដល់សុខភាពច្រើនជាង បើប្រៀបធៀបទៅនឹងសាច់គោដែលបានចម្អិនឆ្អិន ១០០%៕
- ស្រាវជ្រាវ និង កែសម្រួលដោយ៖ សុខក្រម (Sokhakrom)