ជំងឺរលាកសន្លាក់ឆ្អឹង គឺជាការសឹករេចរិលនៃសន្លាក់ឆ្អឹង។ សន្លាក់ដែលងាយរងការបំផ្លាញ គឺសន្លាក់ត្រង់ ដៃ ជង្គង់ ជើង និងត្រកៀក។
ជាទូទៅ ជំងឺរលាកសន្លាក់កើតឡើងលើមនុស្សពេញវ័យដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ ចំពោះមនុស្សវ័យក្មេងដែលកើតជំងឺនេះ អាចបណ្ដាលមកពីតំណពូជ ឬសន្លាក់ឆ្អឹងខុសប្រក្រតី ជាក់ស្ដែង ស្រទាប់ឆ្អឹងស្ដើង និងភាពមិនស៊ីគ្នារវាងសន្លាក់ឆ្អឹង និងក្បាលឆ្អឹង ហើយដែលជាទូទៅឧស្សាហ៍កើតឡើងត្រង់តំបន់អាងត្រគាក។
ថ្វីត្បិតតែ ជំងឺរលាកសន្លាក់ មិនធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត តែវាពិតជារំខានខ្លាំងណាស់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺទាំងកត្តារូបកាយ ផ្លូវចិត្ត គ្រួសារ និងសង្គម។ ជាក់ស្ដែង អ្នកជំងឺពិបាកធ្វើចលនា និងរាល់ការធ្វើចលនាសុទ្ធតែធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ខុសពីធម្មតា។
មានកត្តាជាច្រើនដែលជាមូលហេតុបង្កឱ្យកើតជំងឺរលាកសន្លាក់ ដូចជា៖
- ការឡើងទម្ងន់ជ្រុល
- ការរងរបួស ឬប៉ះទង្គិចត្រង់សន្លាក់ណាមួយ
- ការធ្វើការងារធ្ងន់
- អាចមកពីមេរោគ និងជំងឺផ្សេងៗដែលផ្ដល់ផលប៉ះពាល់ដល់សន្លាក់
- កត្តាពីធម្មតា គឺមនុស្សគ្រប់រូបសុទ្ធតែកើតជំងឺរលាកសន្លាក់ ហើយជំងឺនេះកើតឡើងធ្ងន់ធ្ងរ ឬស្រាល អាស្រ័យលើការថែទាំងសុខភាពផ្ទាល់របស់អ្នកជំងឺនាពេលកន្លងមក។ ជាក់ស្ដែង សន្លាក់របស់មនុស្សយើងមានការលូតលាស់ល្អចាប់ពីវ័យក្មេងរហូតដល់វ័យជំទុង ហើយចាប់ពីវ័យនេះទៅ សន្លាក់ចាប់ផ្ដើមសឹករេចរិលដោយសារតែការបញ្ចេញសកម្មភាពកន្លងមក (ដូចជា ដើរ រត់ ធ្វើសកម្មភាព ការងារលើករបស់ធ្ងន់ៗ...) ទើបជាមូលហេតុធ្វើឱ្យមានជំងឺរលាកសន្លាក់កើតឡើង។
ចំពោះវិធីបង្ការខ្លួនពីជំងឺរលាកសន្លាក់ គឺអ្នកគ្រាន់តែនៅឱ្យឆ្ងាយ ឬបន្ថយសកម្មភាព ដែលជាមូលហេតុបង្កឱ្យកើតជំងឺរលាកសន្លាក់។
ដោយឡែក អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង អ្នកជំងឺដាច់សរសៃឈាមខួរក្បាល និងអ្នកកើតជំងឺផ្សេងៗទៀត សុទ្ធតែប្រឈមជំងឺរលាកសន្លាក់ ដូច្នេះអ្នកគួរតែការពារសុខភាពរបស់ខ្លួនពីជំងឺទាំងអស់នេះ ព្រោះថា អ្នកមិនត្រឹមតែទទួលរងផលវិបាកនៃជំងឺទាំងនោះទេ ថែមទាំងកើតជំងឺរលាកសន្លាក់ថែមទៀតផង។ ចំពោះអ្នកមានជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ឬមិនរ៉ាំរ៉ៃក្ដី គួរគប្បីរកការព្យាបាលឱ្យបានទាន់ពេលវេលាចៀសវាងជំងឺកាន់តែធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម ( Sokhakrom)