18-05-2020
ពិពណ៌នា
(ភ្នំពេញ)៖ ក្រោយពីមានការព្យាបាលអ្នកជំងឺកូវីដ១៩ (Covid-19) ជាសះស្បើយអស់នៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់បង់ការប្រុងប្រយ័ត្ន ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្នទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ពុំមានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដូច្នេះដើម្បីចូលរួម និងទប់ស្កាត់ការរីករាលដាលឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឱ្យមានការប្រុងប្រយ័ត្នដូចជា៖
តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះជាបណ្តោះអាសន្ន។
សូមជម្រាបថា កម្ពុជាបានឆ្លងផុតដំណាក់កាលទី១ ដោយបានព្យាបាលជាសះស្បើយលើអ្នកជំងឺកូវីដ១៩ ចំនួន ១២២នាក់ក្នុងខេត្ត-ក្រុងចំនួន ១៣ របស់កម្ពុជា ត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះ។ ប៉ុន្តែដើម្បីបន្តរក្សាកិច្ចការពារកុំឱ្យមានរលកទីពីរ នៃការចម្លងមេរោគកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបានអនុវត្តន៍វិធានការការពារខ្លួន បើទោះបីជាប្រទេសកម្ពុជា មិនមានរកឃើញករណីថ្មី ក្នុងរយៈពេលជាង ១ ខែកន្លងមកក្តី៕