(+855) 11 909 020 / 69 909 011

ពលរដ្ឋខេត្តបន្ទាយមានជ័យ ពុលស្រាថ្នាំតាំងគួយ កើនដល់ ៤១នាក់ ក្នុងនោះស្លាប់ ៧នាក់

13-06-2020

ពិពណ៌នា

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល​ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១២ ខែមិថុនា អ្នកពុលស្រាថ្នាំតាំងគួយ នៅខេត្តបន្ទាយមានជ័យ កើនដល់ ៤១នាក់ហើយ ក្នុងនោះស្លាប់ ៧នាក់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកពុលស្រាថ្នាំចិនសែតាំងគួយ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនរហូតដល់៤១នាក់ហើយ (ស្រី៣នាក់) ក្នុងនោះបានបណ្តាលឱ្យស្លាប់ ៧នាក់។

រហូតមកដល់ពេលនេះ ក្នុងចំណោមអ្នកពុលស្រាចិនសែតាំងគួយទាំង ៤១នាក់ មាន នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះរួមមាន នៅមន្ទីរពេទ្យបង្អែកមង្គលបុរី ចំនួន៩នាក់, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត១៦នាក់, មន្ទីរពេទ្យខេត្តសៀមរាប ២នាក់ (ក្នុងនោះម្នាក់ដែលត្រូវលាងឈាម គឺស្ថានភាពល្អប្រសើរឡើងវិញហើយ)។ ដោយឡែកអ្នកពុលស្រានេះ ៧នាក់ទៀត បានសម្រាកព្យាបាលនៅផ្ទះ (៤នាក់ទើបចេញពីពេទ្យ)។

បន្ថែមពីនេះ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំពិសារស្រាដែលគ្មានប្រភពច្បាស់លាស់ ពិសេសការលាយស្រាដែលគ្មានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឱ្យពុលរហូតដល់ស្លាប់។

របាយការណ៍បណ្តោះអាសន្ន ប្រតិបត្តិការទូទាំងប្រទេសមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានរឹបអូសបានស្រាថ្នាំចិនសែយីហោ «តាំង គួយ» បានចំនួន១៣,៩៨៩ ដប ស្នើនឹង៦,៩៩៤.៥០លីត្រ។

មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» នេះ ជាពិសេសសូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕

ប្រភព៖ Freshnews

ព្រឹត្តិការណ៍ផ្សេងទៀត