(+855) 11 909 020 / 69 909 011

សម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក ចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃនៅខេត្តកណ្តាល

ពិពណ៌នា

សម្ព័ន្ឋគ្រូពេទ្យ ស ស យ ក ចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនកម្មករនិយោជិតនិងប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ជាង៤០០០ នាក់ នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា  ដោយមានកិច្ចសហការជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងអាជ្ញាធរស្រុកកៀនស្វាយ  ខេត្តកណ្តាល ចុះពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណរោងចក្រយីដា ស្តិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានកម្មករនិយោជិត និងប្រជាពលរដ្ឋចូលរួមពិនិត្យសុខភាព និងព្យាបាលចំនួន ៤២៣៧ នាក់។ 

ក្នុងពិធីនេះ ត្រូវបានអញ្ញើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម  សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន  ម៉ានី  សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា , ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក , ឯកឧត្តម  នូវ  ប៉េងច័ន្ទតារាអភិបាលរង  តំណាងឯកឧត្តម ម៉ៅ  ភិរុណ  អភិបាលនៃគណអភិបាលខេត្តកណ្តាល,  លោក  សោម  អូន  ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា , លោក  អ៊ូ  ឈាង  អភិបាលស្រុក កៀន ស្វាយ  និងលោក ម៉ាយឃើល ខើ តំណាងក្រុមហ៊ុនយីដា លោកជី ស៊ីវុត្ថា អនុប្រធានប្រចាំការស.ស.យ.ក ខេត្តកណ្តាល តំណាងឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក និងប្រធានស.ស.យ.ក ខេត្តកណ្តាល ។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា បានលើកឡើងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជាចំនួន៣២៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ រួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.កសាខាខេត្តកណ្តាល បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅស្រុកកៀនស្វាយ ដោយ មិនគិតថ្លៃ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតហេងសុខគង់ បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា បានចុះពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅ២៣ រាជធានី-ខេត្ត បានចំនួន១០៣លើក។ គោលដៅសំខាន់គឺបង្ខិតសេវាសុខាភិបាល ទៅដល់
ផ្ទះប្រជាពលរដ្ឋ ដើម្បីលើកកំពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលរបស់រដ្ឋ  ។ ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះរួមមាន ជំងឺទូទៅ ជំងឺបេះដូង និងសសៃរឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះបំពង់ក បំពាក់ឧបករណ៍សម្លេងជូនអ្នកជំងឺគ-ថ្លង់ ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ អេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងវាស់សំពាធឈាម អប់រំសុខភាពសាធារណៈ សេវាថែរក្សាក្រោយព្យាបាល (After Care Service) ។ 

លោក  សោម អូន ប្រធានសម្ព័ន្ឋសហជីពជាតិកម្ពុជា មានប្រសាសន៏បញ្ជាក់ថា យោងតាមអនុសារណៈយោគយល់ MoU សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី ផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយមិនបង់ប្រាក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ខនៅតាមបណ្តាខេត្តក្រុង ។  

លោក  សោម  អូន  បានបន្ថែមថា លោកពិតជាមានមោទភាពណាស់ ដែលបានឃើញប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិតយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅថ្ងៃនេះ  ដែលជាសកម្មភាពមួយនៃកិច្ចការសង្គម  ហើយវាបានគួបផ្សំបន្ថែមមួយផ្នែកទៀត ទៅលើសេវាពេទ្យរបស់រដ្ឋ ។ លោក សោម អូន ក៏បានលើកឡើងដែរថា បងប្អូនកម្មករនិយោជិតទាំងអស់បាន និងកំពុងតែទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវផែនការចុះជួបសំណេះសំណាលជាមួយបងបងប្អូនកម្មករនិយោជិត ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងស្ថានភាពលក្ខ័ណ្ឌការងាររបស់កម្មករនិយោជិត ហើយតាមរយៈជំនួបសំណេះសំណាលនេះសម្តេចតេជោ បានប្រកាសផ្តល់នូវ ផលប្រយោជន៏ថ្មីៗជាច្រើនទៀតដល់កម្មករនិយោជិតដែលកំពុងតែបំរើការងារទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ឋនិងក្រៅប្រព័ន្ឋ ។

ឯកឧត្តម សោម អូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ដើម្បីចូលរួមសកម្មភាពគាំពារសុខមាលភាពរបស់កម្មករនិយោជិតនិងប្រជាពលរដ្ឋ ដែលមានកង្វះខាតថវិកា ៕


 

ព្រឹត្តិការណ៍ផ្សេងទៀត