16-09-2019
ពិពណ៌នា
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩នេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.កបានរៀបចំនូវកម្មវិធីប្រកាសទទួលស្គាល់សមាសភាពសម្ព័ន្ធ គ្រូពេទ្យស.ស.យ.កសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដែលព្រឹត្តិការណ៍ដ៏មហោឡាឬក្ស នេះប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន ប្រធាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.កសាខាមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ព្រមទាំងវត្តមានតំណាងក្រសួងសុខាភិបាល និងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយស ជាតិ និងអន្តរជាតិ ព្រមទាំងក្រុមគ្រួសារនៃ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សរុបប្រមាណ៣០០នាក់ ដែលសុទ្ធតែជាសាស្រ្តាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាក គិលានុបដ្ឋាយិកាផងដែរ។
ក្រៅពីកម្មវិធីបញ្ចូលសមាជិកភាព ខាងលើ លោកជំទាវប្រធាន និងគណៈប្រតិភូក៏បានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យដោយបានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.កមកជូនបងប្អូនទាំងអស់ផងដែរ ក្នុងឱកាសនោះលោកជំទាវក៏បានផ្តល់ជូននូវអំណោយ មួយចំនួនជូនដល់អ្នកជំងឺសម្រាប់ប្រើប្រាស់ផងដែរ។
សូមជម្រាបជូនថាសម្ព័ន្ធគ្រូពេទ្យស.ស.យ.កត្រូវបាន បង្កើត ឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។ រហូតមកដល់បច្ចុប្បន្ននេះសម្ព័ន្ធគ្រូពេទ្យស.ស.យ.កមានសមាជិកសរុបចំនួន៥,៨៥១នាក់ មានក្រុមការងារ ជំនាញតាមប្រភេទជំងឺចំនួន១៨ក្រុម ក្រុមការងារទ្រទ្រង់ចំនួន១០ក្រុម សាខាតាមមន្ទីរពេទ្យចំនួន៨ សាខាតាម បណ្តាសាកលវិទ្យាល័យនានាចំនួន១២ និងសាខាតាមបណ្តារាជធានី-ខេត្តចំនួន១៥ ។ សម្ព័ន្ធគ្រូពេទ្យស.ស.យ.កបង្កើតឡើងក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាតាមរយៈ ការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋយើង ដែលនៅទីជនបទដាច់ស្រយាល ដែលខ្វះលទ្ធភាព ឬដែល រស់នៅឆ្ងាយពីសេវាសុខាភិបាលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការ នយោបាយណាមួយឡើយ។