09-03-2020
ពិពណ៌នា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អក ឬកណ្តាស មិនមែនហោះហើរក្នុងខ្យល់ទេ។
ករណីនេះ អ្នកវិទ្យាសាស្រ្តរកឃើញថា ចម្ងាយខ្ទាតចេញពីមុខមនុស្សយើងចម្ងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រ គឺ ៩០សង់ទីម៉ែត្រ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី ១ម៉ែត្រ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។ ពេលអ្នកជំងឺក្អក ឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជាលើតុ លើជញ្ជាំង លើបង្កាន់ដៃ។-ល-។ និងដៃរបស់ពួកគេក្រោយញីច្រមុះ ដែលប្រលាក់សំបោរ ប៉ះដៃទ្វារ ប៉ះជញ្ជាំង ប៉ះបង្កាន់ដៃ ដែលអ្នកជា (អ្នកមិនឆ្លង) ប៉ះផ្ទៃទាំងនោះ បណ្តាលឱ្យឆ្លងពេលយើងប៉ះមុខ និងច្រមុះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្ថែមថា៖«ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ»។
ជាមួយគ្នានេះ អ្នកវិទ្យាសាស្រ្តរកឃើញថា ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម ៦០ដង។ ហេតុដូច្នេះ តម្រូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺ និងអ្នកជា ត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម។
ចំពោះអ្នកជា ពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស។
បច្ចុប្បន្ន កម្ពុជាមានអ្នកផ្ទុក COVID-19 ចំនួន ២ករណីនៅទូទាំងប្រទេស ដែលករណីមុន ជាជនជាតិចិន ដោយបានព្យាបាលជាសះស្បើយនៅក្រុងព្រះសីហនុ និងបានវិលត្រឡប់ទៅប្រទេសចិនវិញ កាលពីថ្ងៃទី ១០ កុម្ភ: ២០២០។ ចំណែក ១ករណីទៀត គឺជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ រស់នៅខេត្តសៀមរាប ដែលបានឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុនមានផ្ទុក COVID-19៕