09-04-2020
ពិពណ៌នា
(ឥណ្ឌូនេស៊ី)៖ ក្រុមឱសថការីក្នុងកោះបាលី ដែលជាកោះលំហែកាយ នៃប្រទេសឥណ្ឌូនេស៊ី បានយកស្រាក្នុងតំបន់ ដែលផលិតឡើងពីទឹកត្នោតជូរ មកបម្លែងធ្វើជាទឹកលាងដៃ ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ដោយសារមានកង្វះនូវទឹកលាងដៃ។
គំនិតផ្ដួចផ្ដើមនេះ ជាបានកើតឡើងដោយមន្ត្រីប៉ូលីសនៅកោះបាលី លោក Petrus Reinhard Golose ដោយបាននិយាយថាមានការរយការណ៍ពី កង្វះខាតទឹកលាងដៃ នៅលើទីផ្សា ស្របពេលដែលសាប៊ូក៏មានការឡើងថ្លៃផងដែរ។
មន្ដ្រីរូបនោះក៏បានប្រមូលស្រាដែលមានឈ្មោះ Arak ពីអ្នកស្រុកឱ្យធ្វើការបរិចាគពីក្នុងស្ដុករបស់ពួកគេ និងជំរុញឱ្យពួកគេប្រើប្រាស់ទិញស្ដុកសម្ភារៈប្រើប្រាស់បន្ថែម។
បុគ្គលិកនៃសាកលវិទ្យាល័យ Udayana នៃកោះបាលី ត្រូវគេចាត់តាំងឱ្យបម្លែងស្រានេះ ទៅទឹកអាកុលលាងដៃ ដែលអាចប្រឆាំងនឹងជម្ងឺកូរ៉ូណា។ ក្នុងរយៈពេល ១សប្ដាហ៍ ពួកគេក៏អាចផលិតបានទឹកសម្លាប់មេរោគ ដែលមានកម្រិតជាតិអាកុល ៩៦ភាគរយ ស្របតាមស្ដង់ដាររបស់អង្គការសុខភាពពិភពលោក (WHO)។ សារធាតុក្រអូប និងប្រេងជីអង្កាម ក៏ត្រូវបានគេដាក់លាយ ដើម្បីទប់ស្កាត់ការប្រតិកម្មស្បែកផងដែរ។
គិតមកដល់ពេលនេះ ពួកគេបានផលិត និងប្រគល់ជូនទៅដល់អាជ្ញាធរ ដើម្បីចែកជូនអ្នកដែលត្រូវការបានចំនួន ១០៦០០ដបមកហើយ។ នេះបើតាមការបញ្ជាក់របស់ប្រធានមហាវិទ្យាល័យឱសថសាស្ត្រ នៅថ្ងៃពុធនេះ៕
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ សុខក្រម-SokhaKrom