សុខភាព៖ ល្ហុងជាផ្លែឈើ សម្បូរជាតិសរសៃ វីតាមីន A C រួមទាំងផ្ទុកនូវអង់ស៊ីម Papain ជួយកម្ចាត់កោសិកាងាប់ មានកម្រិតជាតិស្ករទាប រួមទាំងផ្ទុកនូវសារធាតុជាច្រើនទៀត ដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពសម្រាប់អ្នកទទួលទាន។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែល្ហុង៖
- បន្ថយស្នាមនៅលើផ្ទៃមុខ ដោយគ្រាន់តែចិតល្ហុងជាចំណិតៗ រួចបិតលើមុខទុកចោលកន្លះម៉ោង លាងសម្អាតជាការស្រេច
- ផ្ដល់សំណើម និងជម្រុញឱ្យកោសិកាស្បែកលូតលាស់ ប្រឆាំងភាពចាស់ ធ្វើឱ្យសម្រស់របស់អ្នកនៅក្មេងជាងវ័យបានយូរ
- ញ៉ាំផ្លែល្ហុងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលក្នុងឈាម និងផ្ទុកអង់ស៊ីមជួយការពារអុកស៊ីតកម្មកូឡេស្តេរ៉ុលកុំឲ្យត្រឡប់មកវិញ និងអាចជួយការពារការគាំងបេះដូង។
- ចំពោះស្រ្តីមករដូវ អាចញ៉ាំផ្លែល្ហុងបានព្រោះវាជួយកាត់បន្ថយលំហូរឈាមរដូវ
- បង្កើនកម្លាំងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជម្ងឺនានា ជាពិសេសជម្ងឺឆ្លង
- ល្ហុងផ្ទុកសារធាតុប្រឆាំងការរលាក ដូច្នេះ ញ៉ាំផ្លែល្ហុង ជួយទប់ស្កាត់បញ្ហារលាកសន្លាក់
- ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចូលចិត្តប្រើម៉ាស់បិតមុខ គួរតែជ្រើសរើសម៉ាស់បិតមុខផ្សំពីផ្លែល្ហុង និងទឹកឃ្មុំ ព្រោះវាមានគុណភាពខ្លាំងចំពោះសុខភាពស្បែកមុខ ដូចជា បន្ថយស្នាម បង្កើនភាពភ្លឺថ្លា បន្ថយស្នាមជ្រីវជ្រួញ និងជម្រុញឱ្យកោសិកាលូតលាស់ល្អ និងក្មេងជាងវ័យ។
សូមបញ្ជាក់ថា ថ្វីត្បិតតែផ្លែល្ហុងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងមែន តែចំពោះលោកអ្នកដែលមានបញ្ហាដូចជា ស្ថិតក្នុងស្ថានភាពប្រតិកម្មអាឡែរស៊ីជាមួយនឹងជ័ររបស់ល្ហុង ស្ត្រីមានផ្ទៃពោះនិងបំបៅដោះ ជំងឺ Carotenemia ជំងឺផ្លូវដង្ហើម និងគ្រួសតម្រងនោម មិនគួរទទួលទានល្ហុងឡើយ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាព ឬធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក