សុខភាព៖ ដូចយើងបានដឹងរួចមកហើយថា ក្នុងពេលដែលយើងមានវ័យជំទង់ចាប់ពី២០ឆ្នាំឡើងទៅ យើងនឹងដុះថ្គាមទាល់។ ជាធម្មតាថ្គាមទាល់ ត្រូវបានទន្តពេទ្យធ្មេញណែនាំឱ្យដកចេញ ទោះបីជាអាការឈឺតិច ឬខ្លាំងក៏ដោយ។ តែទន្ទឹមនឹងនេះដែរ បើថ្គាមទាល់ដុះចេញមកមិនប៉ះពាល់ដល់ធ្មេញដទៃ ដុះចេញមកស្អាត ងាយសម្អាត គ្មានបង្កបញ្ហាអ្វីដល់សុខភាពមាត់ធ្មេញ និងមិនមានការឈឺចាប់ ថ្គាមទាល់អាចនឹងត្រូវបានណែនាំមិនបាច់ដកចេញទេ។
ខាងក្រោមនេះជាហេតុផលដែលអ្នកគួរដក ឬមិនចាំបាច់ដកថ្គាមទាល់៖
១.អាការមិនចាំបាច់ដកថ្គាមទាល់
- មានសុខភាពល្អ (មិនពុក និងអញ្ចាញជុំវិញ មិនរលាក)
- ដុះចេញមកពេញលេញស្អាត
- ដុះចេញមកត្រង់ទីតាំងត្រឹមត្រូវ មិនទើស និងមិនជ្រៀតជាមួយធ្មេញដទៃជិតខាង
- ងាយសម្អាត។
២.អាការត្រូវដកថ្គាមទាល់៖
- ដុះមិនចេញជាប់នៅក្រោមសាច់ ដែលអាចបង្កជាគីស បំផ្លាញឫសធ្មេញជិតខាង
- ដុះចេញមិនអស់ ពិបាកសម្អាតជាហេតុធ្វើឲ្យបាត់តេរីប្រមូលផ្តុំគ្នាបង្កជាជំងឺមាត់ធ្មេញ
- ដុះចេញមកចង្អៀត ឬទើសខ្លាំង ដែលអាចបំផ្លាញធ្មេញជិតខាងបាន
- មានការឈឺចាប់ខ្លាំងត្រង់កន្លែងដុះថ្គាមទាល់
- ងាយពុកធ្មេញ និងរលាកអញ្ចាញធ្មេញ
- ដុះដុំសាច់ជាប់ធ្មេញទាល់
- មានធ្មេញពុកនៅជិតថ្គាមទាល់
ចំណាំ៖ ក្នុងករណីដែលអ្នកចង់ដកថ្គាមទាល់ អ្នកគួរតែទៅជួបជាមួយទន្តពេទ្យធ្មេញដែលមានជំនាញច្បាស់លាស់ ទើបការដកថ្គាមទាល់មានទំនុកចិត្តខ្ពស់ និងការព្យាបាលឆាប់ជាសះស្បើយ៕
ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom