(+855) 11 909 020 / 69 909 011

ផលវិបាកនៃជំងឺមុនដែលបន្សល់ស្លាកស្នាមនៅលើផ្ទៃមុខ

១. តើអ្វីជាជំងឺមុន? 

មុន គឺជាវិបត្តិក្រពេញញើសម្យ៉ាងហៅថា Sebaceous Glands។ ការលើកឡើងនេះដោយសំអាងទៅលើយន្តការ ៤ យ៉ាងដែលបង្កើតឱ្យមានមុននៅលើស្បែកដូចជា៖ 

- ស្រទាប់លើនៃកោសិកាស្បែកដុះហើយមិនព្រមជ្រុះ 

- ក្រពេញញើសធ្វើការច្រើនពេក ហើយបញ្ចេញញើសមកក្រៅមិនរួចដោយសារស្ទះរន្ធកោសិកា។ នៅពេលដែលក្រពេញញើសបញ្ចេញមកក្រៅមិនរួច ជួនកាលវាអាចរីកប៉ោងធំបែកចេញមកក្រៅ ដែលជាហេតុធ្វើឱ្យបាក់តេរីរស់នៅទីកន្លែងនោះមានឱកាសរីកលូតលាស់ធំធាត់។ 

- ក្រោយការរីកលូតលាស់នៃបាក់តេរី នោះកោសិកាស្បែក និងបាក់តេរី ប្រឆាំងគ្នាបញ្ចេញនូវសារធាតុគីមីម្យ៉ាងដែលបង្កឱ្យមានការរលាក់

- ការករកើត Imflammation ដែលជាជំងឺមុន 

២. ប្រភេទនៃជំងឺមុន

ជំងឺមុន ត្រូវបានបែងចែកចេញជា ២ ប្រភេទគឺ ៖

- មុនក្បាលខ្មៅ (Blackhead) 

- មុនក្បាលសរ ( Whitehead) 

៣. កម្រិតនៃជំងឺមុន

ស្ថានភាពនៃជំងឺមុនបែងចែកចេញជា ៣ កម្រិតគឺ ៖ 

- មិនសូវធ្ងន់ធ្ងរ ៖ មានមុនចាប់ពី ១០ ទៅ ៣០ គ្រាប់ ហើយមិនមានការរលាក

- កណ្ដាល ៖ មានមុនចាប់ពី ៣០ ទៅ ៥០ គ្រាប់

- ធ្ងន់ធ្ងរ ៖ មានការរលាក ក្រហមច្រើន និងមានខ្ទុះ 

៤. រោគសញ្ញានៃជំងឺមុន

គេកត់សម្គាល់រោគសញ្ញានៃការកកើតមុនតាមរយៈសណ្ឋានក្បាលខ្មៅ ឬ សរ។ 

៥. មូលហេតុបន្សល់ស្លាកស្នាមមុននៅលើស្បែក

ការបន្សល់ស្លាកស្នាមនៅលើស្បែកដោយសារជំងឺមុនបន្ទាប់ពីជំងឺមុនជាសះស្បើយ គឺមានកត្តា ២ យ៉ាងសំខាន់ៗគឺ៖ 

- កត្តាទី ១ គឺ ជំងឺមុនធ្ងន់ធ្ងរ ៖ ការកើតមុនក្នុងករណីធ្ងន់ធ្ងរ និងមានការរលាក ដូច្នេះការរលាកនោះនឹងបំផ្លាញកោសិកាស្បែកឱ្យទទួលរងការខូតខាចបណ្ដាលឱ្យមានស្លាកស្នាម ឬបន្សល់ស្លាកស្នាមក្រោយពេលព្យាបាលមុនជាសះស្បើយ។ 

- កត្តាទី ២ គឺ ហ្ស៊ែន (Genetic) ៖ ក្នុងករណីនេះ គឺជាប់ទាក់ទងនឹងស្បែកពីកំណើតរបស់អ្នកកើតមុនងាយស្នាម។  

បន្ថែមពីឡើនេះដែរ ក្នុងវិស័យវេជ្ជសាស្រ្តបច្ចុប្បន្ន គឺពុំទាន់មានការស្រាវជ្រាវជាក់លាក់អំពីការកកើតមុន និងការបន្សល់ស្លាកស្នាមលើស្បែកបន្ទាប់ពីជាពីជំងឺមុន ដោយសារតែការបរិភោគចំណីអាហារនោះទេ លើកលែងតែប្រភេទជំងឺមុនម្យ៉ាងមានឈ្មោះថា Acne Rosacea ដែលតម្រូវឱ្យអ្នកជំងឺតមជាតិហឺរ ពីព្រោះសារធាតុហឺរអាចបណ្ដាលឱ្យស្ថានភាពនៃអ្នកជំងឺមុនកាន់តែធ្ងន់ធ្ងរ។ 

៦. ការព្យាបាលជំងឺមុន 

ការព្យាបាលជំងឺមុន អ្នកជំងឺមុនមិនគួរព្យាបាលមុនដោយខ្លួនឯងនោះទេ ហើយក៏មិនគួរប្រើប្រាស់ផលិតផលមួយចំនួនដែលគ្រូពេទ្យមិនបានណែនាំនោះដែរ ព្រោះវាអាចផ្ដល់ផលវិបាកមួយចំនួនដូចជា ស្ដើងស្បែកមុខ ឆាប់ចាស់ជ្រីជ្រួញ ខូចកោសិកាស្បែកមុខ និងជំងឺមុនអាចកាន់តែធ្ងន់ធ្ងរ ផ្ទុយទៅវិញ គួរគប្បីទៅជួបអ្នកជំនាញច្បាស់លាស់ធ្វើការប្រឹក្សារកការព្យាបាលឱ្យបានត្រឹមត្រូវនិងទាន់ពេលវេល។ 

បន្ថែមពីលើនេះដែរ ការព្យាបាលជំងឺមុនងាយ ឬលំបាក ឆាប់ជា ឬយូរ មិនអាស្រ័យលើអាយុតិច ឬច្រើននោះទេ តែកន្លងមកគេកត់សម្គាល់ឃើញថា ក្មេងដែលកើតមុន បន្ទាប់ពីព្យាបាលជារួចហើយ អាចមានមុនថ្មីកើតឡើងទៀត ដោយសារតែក្មេងមានភាពសកម្មច្រើន ដូច្នេះក្រពេញញើសបញ្ចេញមកច្រើនទៅតាមនោះដែរ។ 

មួយវិញទៀត ដោយសារតែស្បែកមុខរបស់មនុស្សម្នាក់ៗមិនដូចគ្នា ទើបការព្យាបាលជំងឺមុនត្រូវប្រើប្រាស់ថ្នាំព្យាបាលខុសគ្នា ដោយសារតែប្រភេទស្បែកមុខខ្លះខ្លាញ់ច្រើន ឬស្ងួត ខ្លាំង ទើបត្រូវនិងស្បែកមុខព្យាបាលឆាប់ជាសះស្បើយ។  

៧. មតិយោបល់របស់គ្រូពេទ្យ 

ប្រសិនបើលោកអ្នកកើតមុន ឬមានជំងឺមុន លោកអ្នកមិនគួរទុកស្ថានភាពនៃជំងឺមុនរបស់ខ្លួនរហូតដល់ធ្ងន់ធ្ងរ និងក្រហមរោលខ្លាំងនោះទេ លោកអ្នកគួរតែមកព្យាបាលឱ្យបានទាន់ពេលវេលាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ទើបឆាប់ជាសះស្បើយ  និងចៀសវាងការបន្យល់ស្លាកស្នាមនៅលើស្បែកបន្ទាប់ពីព្យាបាលជំងឺមុនជាសះស្បើយ៕

 

រៀបរៀងដោយ៖ សុខក្រម-Sokhakrom 

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត